
ភ្នំពេញៈ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៣១ តុលា ឆ្នាំ២០១៧នេះ បានចេញដីកាកោះហៅលោក លី ឡាយស្រេង ឲ្យចូលឆ្លើយបំភ្លឺនៅតុលាការនាថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៧ខាងមុខ ពាក់ព័ន្ធអំពើបរិហារ្តិ៍ជាសាធារណៈ និងការប្រមាថព្រះចេស្ដាព្រះមហាក្សត្យ ។
ការកោះហៅនេះក្រោយមេធាវីតំណាងឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលោក គី តិច កាលពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ បានយកពាក្យបណ្តឹងប្ដឹងលោក លី ឡាយស្រេង អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ទៅដាក់ចូលសាលាដំបូងរាជធានីភ្នំពេញ។
លោកមេធាវី គី តិច បានឲ្យដឹងថា កម្មវត្ថុគឺប្ដឹងលោក លី ឡាយស្រេង ពីបទបរិហាកេរ្តិ៍ជាសាធារណៈទាក់ទងអ្វីដែលលោក លី ឡាយស្រេង និយាយថា សម្តេចតេជោឲ្យលុយមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិចម្នាក់២ម៉ឺនដុល្លារ។
លោក គី តិច បានបញ្ជាក់ថា កាលលើកឡើងរបស់លោក លី ឡាយស្រេង បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសម្តេចនាយករដ្ឋមន្រ្តីយ៉ាងធ្ងន់ធ្ងរ ដោយសារសម្តេចមិនបានធ្វើបែបនេះទេ។
សូមបញ្ជាក់ថា អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច លោក លី ឡាយស្រេង ពេលនេះកំពុងរងបណ្តឹងយ៉ាងច្រើន ក្រោយពីបែកធ្លាយសារសំឡេងសន្ទនាជាមួយលោកស្រី គី លំអង កាលពីថ្មីនេះ ដែលបណ្តឹងទាំងនោះរួមមាន បណ្តឹងពីគណបក្សហ៊្វុនស៊ិនប៉ិច បណ្តឹងពីសម្តេចតេជោ ហ៊ុន សែន និងបណ្តឹងពីក្រសួងយុត្តិធម៌ តំណាងឲ្យព្រះមហាក្សត្រ។ ក្រសួងយុត្តិធម៌កាលពីពេលថ្មីៗនេះបានចេញអធិបញ្ជាឲ្យអយ្យការអមតុលាការចាត់ការប្ដឹងលោក លី ឡាយស្រេង តាមផ្លូវច្បាប់ផងដែរ។
គួរកត់សម្គាល់ថា ក្នុងពេលតុលាការចាត់ការសំណុំរឿងលោក លី ឡាយស្រេង នេះ លោក លី ឡាយស្រេង បានចាកចេញពីកម្ពុជា ទៅកាន់ទីក្រុងបាងកក កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ តាមជើងហោះហើរ Bangkok Air PG 938 ដើម្បីគេចចេញពីបណ្តឹងទាំងនេះ៕
