
ភ្នំពេញៈ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងបិទទ្វារក្លឹបកម្សាន្តទាំងអស់នៅពេលថ្ងៃ ដោយសារវាជាដើមចមធ្វើឲ្យសិស្សានុសិស្សមួយចំនួនគេចសាលារៀន នាំគ្នាចូលក្លឹមធ្វើឲ្យខូចអនាគតសិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ។
នេះបើតាមប្រសាសន៍របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលលោកអញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០១៧-២០១៨ និងចែករង្វាន់សិស្សពូកែថ្នាក់អន្តរជាតិ និងថ្នាក់រាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០១៦-២០១៧ ដែលបានធ្វើឡើងនៅវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី២៨ តុលានេះ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ក្លឹបទាំងអស់នៅភ្នំពេញ មិនឲ្យបើកនៅពេលថ្ងៃទេ ព្រោះអាចឲ្យក្មួយៗជាសិស្សានុសិស្សមួយចំនួនគេចសាលាចូលក្លឹបធ្វើអោយខូចអនាគត។ នេះជាការគិតគូរដ៏វែងឆ្ងាយមួយរបស់ថ្នាក់ដឹកនាំរបស់យើង ធ្វើយ៉ាងណាជំរុញឲ្យសិស្សប្រឹងប្រែងសិក្សារៀនសូត្រ មិនគេចសាលារៀន។
លោកបន្តថា កន្លងមកនេះមានសិស្សមួយចំនួនបាននាំគ្នាចូលក្លឹមពេលថ្ងៃ តែយើងមិនដឹងថា ពួកគេចូលក្លឹបនេះចំម៉ោងលីប ឬពួកគេគេចសាលានោះទេ។ ក្នុងនាមអាជ្ញាធរដែលជាអាណាព្យាបាលប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាលបានគិតគូរច្រើនណាស់ចំពោះវិស័យអប់រំនេះ ដូចនេះហើយទើបយើងមានវិធានការគ្រប់បែបយ៉ាងធ្វើយ៉ាងណាឲ្យសិស្សដែលជាទំពាំងស្នងឫស្សីនេះក្លាយជាឫស្សីពិតប្រាកដ ហើយឫស្សីនោះជាឫស្សីដែលរឹងមាំនិងប្រើប្រាស់បានទៀត ដើម្បីស្នងការងារប្រទេសជាតិ៕


