Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ករណីចោរឆក់ ឃើញសង្កេតឃើញថាមានកើតឡើងរៀងរាល់ថ្ងៃ បើទោះបីជាសមត្ថកិច្ចមានការសកម្មយ៉ាងណាក៍ដោយ គឺក្រុមទាំងនោះ​​ហាក់ដូចជាមិនខ្លាចសោះ ហើយករណីខ្លះទៀតបណ្ដាលឲ្យជនរងគ្រោះ បាត់បង់ជីវិតទៀតផង។

ដោយមើលឃើញនូវភាពខ្វះខាត ត្រង់ចំណុចនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានជម្រុញឲ្យដាក់ពាក្យបណ្តឹងប្តឹង ចោរឆក់ តាមផ្លូវសាធារណៈពីបទប៉ុនប៉ងមនុស្សឃាតមួយកម្រិតទៀត ខណៈការអនុវត្តកន្លងទៅមានទោសតិចតួចដែលជាកត្តាធ្វើឲ្យជនល្មើសបានចិត្តនិងធ្វើសកម្មភាពបែបនេះដដែលជាដដែលនោះ។ ដោយបានលើកឡើងថា ៖

ចោរឆក់ គួរតែ​ត្រូវបាន​ចោទ​ពីបទ «​ប៉ុនប៉ង​មនុស្សឃាត​» មួយ​បន្ថែមទៀត ក្រៅតែពី​ការដាក់ទោស ពាក់ព័ន្ធ​នឹង​ការ​ឆក់​។

ការស្នើ​ឡើង​យ៉ាង​ដូច្នេះ ក្នុង​កិច្ចប្រជុំ​ជាមួយ​ស្នងការ​រាជធានី​-​ខេត្ត នៅ​ទូទាំងប្រទេស រួមទាំង​ភាគី​ផ្សេងៗ​ទៀត ដែល​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៧​នេះ​។​

ជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានប្រាប់ដល់អង្គភាពទាំងអស់ត្រូវត្រៀមកម្លាំងឲ្យបានគ្រប់ពេល និងគ្រប់គោលដៅក្នុងគោលបំណងទប់ស្កាត់នូវសកម្មភាពណាដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម និងសន្តិភាពជាដើមនោះ។

ដោយឡែកសម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព សំពះព្រះខែ នាពេលខាងមុខនេះ អគ្គស្នងការនគរបាលជាតិ ក៏បានត្រៀមកម្លាំងចំនួនជិតបីម៉ឺននាក់ ដើម្បីការពារ និងរក្សាសន្តិសុខជូនដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor