
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានថ្លែងថា សមាជិករដ្ឋសភារបស់គណបក្សសង្រ្គោះជាតិ(CNRP) ដែលមករួមរស់ជាមួយ គណបក្សកាន់ អំណាច(CPP) នឹងទទួលបានតំណែងជាទីប្រឹក្សាសម្តេចផ្ទាល់តែម្តង។
យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា “សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្វាគមន៍ចំពោះអតីតសមាជិកសភា CNRP ចូលរួមជាមួយសមាជិក CPP នឹងទទួលបានតំណែងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីថ្ងៃនេះ។ លោក ឡុង ប៊ុន្នី ទទួលបានឱកាសក្នុងកិច្ចចូលរួមកសាង ការពារប្រជាពលរដ្ឋខ្មែរ ប្រាសចាកពីអំពើក្បត់ជាតិ នៃក្រុមឧទ្ទាមជាប្រព័ន្ធគណបក្សសង្រ្គោះជាតិ”។
ជាមួយនេះដែរ សម្តេចតេជោបានបង្ហាញជំហររឹងមាំ ក្នុងកិច្ចការការពារ និងថែរក្សា សន្តិភាព សន្តិសុខជាតិ និងវិបុលភាព សម្រាប់ប្រជាជាតិខ្មែរទាំងអស់ ទោះជាតម្លៃណាក៏ដោយ គឺមិនអនុញ្ញាតឲ្យកម្ពុជាវិលត្រឡប់ទៅកាន់សភាពការអាក្រក់ដូចឆ្នាំ ១៩៧០ ដែលបំផ្លាញអនាគតកម្ពុជាជាច្រើនទស្សវត្ស។
ការប្រកាសរបស់សម្តេចតេជោនេះ បន្ទាប់ពីគណបក្សសង្រ្គោះជាតិ នឹងរំលាយនៅពេលខាងមុខ ដោយសារមេបក្ស លោក កឹម សុខា បានប្រព្រឹត្តអំពើក្បត់ជាតិ៕


