
មេដឹកនាំក្រុមសកម្មប្រយុទ្ធហេសបូឡា របស់លីបង់ បានប្រាប់ឲ្យដឹងថា សហរដ្ឋអាមេរិក សព្វថ្ងៃកំពុងតែប្រើប្រាស់កងទ័ពអាកាស ការពារក្រុមភេរវករ Daesh (ISIS) នៅក្នុងប្រទេសស៊ីរី។ នេះបើយោងតាមគេហទំព័រសារព៧ត៌មាន Sputnik បានចុះផ្សាយនាព្រឹកថ្ងៃច័ន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។

មេដឹកនាំក្រុមសកម្មប្រយុទ្ធហេសបូឡា លោក Hassan Nasrallah បានថ្លែងថា សហរដ្ឋអាមេរិកកំពុងតែការពារពួកក្រុមភេរវករ IS នៅតាមតំបន់មួយចំនួនក្នុងស៊ីរី ក៏ដូចជារារាំងមិនឲ្យកងទ័ពស៊ីរីធ្វើអ្វីដល់ក្រុមភេរវករនេះ តាមរយៈការប្រើប្រាស់កងយន្តហោះចម្បាំង។ លោក បានបន្ថែមទៀតថា កងទ័ពរដ្ឋាភិបាលស៊ីរី រួមទាំងកងកម្លាំងដទៃៗទៀត ដែលនៅស្ម័គ្រស្មោះនឹងទីក្រុងដាម៉ាស់ គួរតែវាយដណ្ដើមយកទឹកដីរបស់ពួកគេ ចេញពីការគ្រប់គ្រងដោយក្រុមភេរវករវិញ ពីព្រោះថា បើមិនដូច្នោះទេ ISIS នឹងនៅតែបន្តធ្វើសកម្មភាពវាយប្រហារផ្សេងៗបន្តទៀត។

ទន្ទឹមនឹងនេះ ក្រសួងការពារជាតិរុស្ស៊ី នាពេលថ្មីៗនេះ បានដាក់បង្ហាញ រូបភាពវីដេអូពីលើអាកាសមួយចំនួន ស្ដែងពីបរិក្ខារយោធារបស់សហរដ្ឋអាមេរិក នៅភាគខាងជើងនៃខេត្ត Deir ez-Zor ជាទីកន្លែងដែលក្រុម ISIS ឈរជើង។
