
ប៉ូលិសកាណាដា បានប្រាប់ឲ្យដឹងថា មានហេតុការណ៍កើតឡើងផ្ទួនៗគ្នានៅក្នុងទីក្រុង Edmonton ដោយសារបុរសម្នាក់ បានបើកការចាក់សម្លាប់ទៅលើមន្ត្រីប៉ូលិស និងបើកឡានដឹកទំនិញបុករះលើផ្លូវសាធារណៈ បណ្ដាលឲ្យមនុស្សរបួសយ៉ាងតិច ០៤នាក់ កាលពីល្ងាចថ្ងៃសៅរ៍។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន CNN បានចុះផ្សាយនាព្រឹកថ្ងៃច័ន្ទ ទី០២ ខែតុលា ឆ្នាំ២០១៧។
ស្នងការប៉ូលិសទីក្រុង Edmonton លោក Rod Knecht បាននិយាយថា ជនសង្ស័យខាងលើ មានអាយុត្រឹមតែ៣០ឆ្នាំ និងជាអ្នករស់នៅក្នុងទីក្រុងនេះ មានទង់ជាតិក្រុមរដ្ឋឥស្លាមនៅខាងក្នុងរថយន្តដែលបានបើកបុកមន្ត្រីប៉ូលិស នៅថ្ងៃសៅរ៍ វេលាម៉ោង ០៨:១៥នាទីយប់ (ម៉ោងក្នុងស្រុក)។ ជនរងគ្រោះទាំង ០៥នាក់ ត្រូវបានដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ជនរងគ្រោះ និងជនសង្ស័យ នៅមិនទាន់ត្រូវបានគេកំណត់អត្តសញ្ញាណបាននៅឡើយទេ។
ជុំវិញបញ្ហានេះ លោក Knecht បានថ្លែងថា ប៉ូលិស Edmonton បានធ្វើការជាមួយនឹងក្រុមការងារសន្តិសុខជាតិរបស់ប៉ូលិស និងទីភ្នាក់ងារសន្តិសុខកាណាដាដទៃទៀត ព្រមទាំងប្រកាសប្រាប់ដល់ សាធារណជនឲ្យរក្សាការប្រុងប្រយ័ត្ន និងអង្កេតមើលអ្វីដែលនៅជុំវិញខ្លួន៕
