
ភ្នំពេញៈ ក្រោយពីមានការព្រមានខ្លាំងពីសំណាក់អភិបាលខណ្ឌមានជ័យ ដោយលោកដាក់វិធានការឲ្យថ្នាក់មូលដ្ឋានសង្កាត់ទាំងអស់ ចុះត្រួតពិនិត្យទៅលើទីតាំងបើកណេត២៤ម៉ោង ដែលទីតាំងទាំងអស់នេះភាគច្រើនបង្កប់ល្បែងស៊ីសង ល្បែងភ្នាល់នានាពីកាស៊ីណូ និងជាពិសេសផ្តល់កន្លែងជ្រកកោនលួចលាក់ប្រើប្រាស់គ្រឿងញៀនផងដែរ។
ស្ថិតក្រោមការប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យប្រចាំខែ អភិបាលខណ្ឌមានជ័យលោក ពេជ្រ កែវមុនី តែងតែក្រើនរំឭកជារឿយៗ ឲ្យអាជ្ញាធរ សង្កាត់ និងប៉ុសិ៍្តរដ្ឋបាលដឹកនាំកម្លាំង ចុះរដ្ឋបាលឲ្យបានម៉ឺងម៉ាត់លើល្បែងភ្នាល់ស៊ីសងគ្រប់ប្រភេទ ជាពិសេសទីតាំងណេត២៤ម៉ោងទាំងអស់។ ការដាក់បទបញ្ជាយ៉ាងម៉ឺនម៉ាត់បែបនេះ ធ្វើឲ្យមានការលិចឮព័ត៌មានចេញទៅខាងក្រៅតាមរយៈមន្ត្រីខិលខូចកន្ទេលធំបន្លំដេក ទៅប្រាប់ដល់ម្ចាស់ទីតាំងA2-Net យកភួយគ្របលើស្លាកយីហោរបស់ខ្លួន ដែលអាចសន្និដ្ឋានថា ទីតាំង១នេះបើករបរណេតមិនប្រក្រតី។

ក្រៅពីទីតាំងមួយកន្លែងនេះ គេសង្កេតឃើញទីតាំងណេតទាំងអស់ស្ថិតនៅលើបណ្តោយផ្លូវ២១៧ នៅបន្តបើកដំណើរការរបស់ខ្លួនជាធម្មតា។
លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានឲ្យដឹងថា បញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ លោកបានគាំទ្រណាស់ចំពោះអ្នកមានស្នាដៃលើការងារបង្ក្រាប ហើយកន្លងមកបងប្អូនពលរដ្ឋបានសំណូមពរដល់រូបលោក និងមានការទិទានយ៉ាងខ្លាំង ហើយការទិទាននេះ លោកថា ធ្វើឲ្យលោកមានការឈឺចាប់ណាស់។
លោកអភិបាលខណ្ឌបន្តថា កន្លងមកលោកបានចាត់តាំងអភិបាលរងខណ្ឌម្នាក់ឲ្យអនុវត្តលើការងារនេះដូចភ្លៀងរលឹម ដោយឡែកលទ្ធផលចុងក្រោយឃើញថា អសកម្មភាពមែន។ លោកថា លោកនឹងដឹកនាំចុះធ្វើដោយខ្លួនឯងនៅថ្ងៃណាមួយ ចំពោះបញ្ហាល្បែងណេត២៤ម៉ោងនេះ។
តាមរយៈប្រជុំប្រចាំសប្តាហ៍ ប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពខណ្ឌ និងកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌ គឺយើងបានផ្តោតលើរបៀបវារៈចំនួន៤៖ គឺទី១/ ការងារបង្ក្រាបល្បែងស៊ីសង ទី២/ការងារបង្ក្រាបគ្រឿងញៀន ទី៣/ ការងារសណ្តាប់ធ្នាប់សាធារណៈ និងទី៤/ ការងារគ្រប់គ្រងអាងស្តុកទឹក ប្រឡាយ នឹងបឹង៕
