
ភ្នំពេញៈ សន្តិសុខសាលាខណ្ឌសែនសុខម្នាក់ ជិះម៉ូតូគេចឡើងលើខឿន គេចពីការកកស្ទះចរារណ៍ តែភ្លាត់ស្នៀត ក៏ដួលម៉ូតូ ត្រូវរថយន្តក្រឡុកបេតុងមកដល់ចាប់ហ្វ្រាំងមិនទាន់ កិនស្លាប់មួយរំពេច។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៦ និង២៥នាទីព្រលប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវលេខ២០១១ ខាងជើងជាប់ភ្លើងស្តុប២០០៤ ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសរងគ្រោះឈ្មោះ នៅ សាវឿន អាយុ៣៥ឆ្នាំ ជាសន្តិសុខសាលាខណ្ឌសែនសុខ មានទីលំនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BP-3596 ។ ចំណែករថយន្តបង្ក ប្រភេទក្រឡុកសុីម៉ង់ត៍ ម៉ាកហុីណូ ពណ៌លឿងលាយប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 5A-1583 ។ ក្រោយកើតហេតុហេតុ អ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានជិះម៉ូតូឆ្លងភ្លើងស្តុប២០០៤ ពីត្បូងទៅជើង។ ដោយមានការកកស្ទះចរាចរណ៍ ជនរងគ្រោះក៏ជិះសរសៀរគេចឡើងលើខឿនចិញ្ចើមផ្លូវ ស្រាប់តែដួលម៉ូតូធ្លាក់ទាំងមនុស្សមកលើផ្លូវ ខណៈរថយន្តក្រឡុកសុីម៉ង់ត៍១គ្រឿងបើកមកពីក្រោយស្របទិសគ្នា ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅកិនស្លាប់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ និងវាស់វែង រួចប្រគល់សាកសពជូនក្រុមគ្រួសារ ដឹកយកទៅតំកល់ទុកធ្វើបុណ្យនៅវត្តឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ចំណែករថយន្ត និងម៉ូតូ ត្រូវបាននគរបាលយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជាធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕