
ឥណ្ឌាៈ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២៣ ខែវិច្ឆិកានេះថា មានខ្សែវីដេអូមួយ ដែលមានរយៈពេល៤៥វិនាទី ដែលបានបង្ហាញអំពីរឿងរ៉ាវរបស់ស្ត្រីវ័យក្មេងខ្ចី ត្រូវបានឪពុកម្តាយរបស់នាង លក់ខ្លួនសម្រាប់ពិធីរៀបការជាមួយក្រុមបុរសចំណាស់ៗមានទ្រព្យ។
នៅក្នុងប្រទេសឥណ្ឌា មានក្រុមគ្រួសារខ្លះមានជីវភាពក្រតោកយ៉ាក ដោយបានបង្ខំឲ្យកូនស្ត្រីក្រមុំរបស់ពួកគេ លក់ខ្លួន ដើម្បីរៀបការជាមួយក្រុមបុរស ដែលមានវ័យចំណាស់ ភាគច្រើនមកពីប្រទេសអារ៉ាប៊ី សាអូឌីត ដើម្បីបញ្ចប់វិបត្តិកើតឡើងនៅក្នុងគ្រួសារ។
ប៉ុន្តែនៅក្នុងករណីភាគច្រើននោះ ក្រុមបុរសទាំងនោះ បានចាកចោលភរិយារបស់ពួកគេភ្លាមៗដែរ ដើម្បីមករកស្រីក្មេងៗជាការកម្សាន្ត។
នេះជារឿងពិតមួយក្នុងចំណោមរឿងរ៉ាវរបស់ក្រុមស្ត្រីទាំងនោះ ។ ឈ្មោះពួកគេទំាងនោះ ត្រូវបានផ្លាស់ប្តូរ ដើម្បីការពារដល់អត្តសញ្ញាណ។

នៅក្នុងខ្សែវីដេអូដែលមានរយៈពេលខ្លី មានក្មេងស្រីម្នាក់ បានពោលពាក្យថា "ខ្ញុំត្រូវបានលក់ខ្លួន ដើម្បីរៀបការនៅអាយុ១៣ឆ្នាំម្ល៉េះ ក្នុងតម្លៃ៣៨៥ដុល្លារ” ។
នៅក្នុងខ្សែវីដេអូក៏បានរៀបរាប់ថា ក្មេងស្រីរងគ្រោះ ត្រូវបានឪពុកម្តាយរបស់គេបង្ខំ ដោយបានប្រាប់ឲ្យនាងធ្វើការជ្រើសរើសបុរស ដែលមានវ័យចំណាស់ ដោយបានរង់ចំា នាងនៅក្នុងបន្ទប់មួយ ដោយមានគ្នា៣នាក់ ហើយឲ្យនាងសម្រេចជ្រើសរើសយកម្នាក់ក្នុងចំណោមពួកគេនោះធ្វើជាស្វាមី៕