
ភ្នំពេញៈ ស្ត្រីម្នាក់ ដេកស្លាប់លើពូកក្នុងផ្ទះ ដោយមានប្រឡាក់ឈាម ពេលកូនៗចេញពីសាលារៀនត្រឡប់មកដល់ផ្ទះ ស្រាប់តែឃើញម្ដាយដេកស្លាប់ ក៏បង្កការភ្ញាក់ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចតែម្ដង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះល្វែង បុរីសន្តិភាព២ ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ។
សពមានឈ្មោះ ឡេង មុំ ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរមេផ្ទះ មានប្តីឈ្មោះ ហៀក ស៊ុក អាយុ៣៤ឆ្នាំ មុខរបរបើកបររថយន្តដឹកដី មានកូនចំនួន២នាក់ ប្រុសម្នាក់ ស្រីម្នាក់។
ប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុកូនៗជនរងគ្រោះត្រឡប់ពីសាលារៀនវិញ មកដល់ផ្ទះ រុញទ្វារចូល ស្រាប់តែប្រទះឃើញម្តាយដេកស្ដូក ក៏ស្រែកយំហៅអ្នកជិតខាងមកមើល ទើបដឹងថា ដេកស្លាប់ របស់របរមួយចំនួនរាយប៉ាយពេញផ្ទះ រួចទើបទូរស័ព្ទប្រាប់ប្តីរបស់ស្រ្តីរងគ្រោះ។

បើតាមអ្នកជិតខាង បានឲ្យដឹងថា នៅព្រឹកកើតហេតុ ប្តីជនរងគ្រោះ បើករថយន្តដឹកដីចេញទៅបាត់ កូនៗ២នាក់ ក៏ចេញទៅសាលារៀនដែរ សល់តែស្រ្តីរងគ្រោះនៅផ្ទះម្នាក់ឯង ហើយគេឃើញបុរសម្នាក់ ចូលទៅជជែកលេង ជាមួយស្រ្តីរងគ្រោះ តែមិនបានដឹងថា ជាអ្នកណាទេ ហើយក៏ចេញទៅបាត់ រហូតដល់កូនៗមកពីសាលារៀនវិញ ទើបប្រទះឃើញម្តាយដឹកស្លាប់ បង្កឲ្យឆោឡោតែម្តង។
ប្តីស្រ្តីរងគ្រោះ បានឲ្យដឹងថា កាលពី៣ថ្ងៃមុន ប្រពន្ធខ្លួន ទើបខ្ចីលុយគេ១ម៉ឺនដុល្លារ យកមកធ្វើដើមរកស៊ី ហើយចំណាយអស់១ពាន់ដុល្លារ លុះដល់ថ្ងៃកើតហេតុ ប្រពន្ធត្រូវគេសម្លាប់ ប្លន់យកលុយ៩ពាន់ដុល្លា ឬយ៉ាងណានោះទេ។

អ្នកជិតខាងខ្លះសន្និដ្ឋានថា ជាករណីប្លន់ ព្រោះនៅខ្លួនជនរងគ្រោះមានស្លាកស្នាម និងរបស់របរក្នុងផ្ទះរប៉ាត់រប៉ាយ តែអ្នកខ្លះទៀតថា ស្លាប់ដោយសារខ្យល់គរ។
ដោយសមត្ថកិច្ចមិនទាន់កំណត់ថា ជាករណីអ្វីនៅឡើយ រង់ចាំសមត្ថកិច្ចជំនាញ ចុះមកពិនិត្យកោសល្យវិច័យសិន៕
