Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវជន២នាក់ ជិះម៉ូតូឌុបគ្នាចេញពីកន្លែងធ្វើការស្របពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំងផង ស្រាប់តែមានរថយន្តកូរ៉េដឹកកម្មករ១គ្រឿង បើកបញ្ច្រាសទិសគ្នា ក៏ជ្រុលបុករួចកិនបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមផ្លូវបេតុង ក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ជនរងគ្រោះទាំង២នាក់ដែលស្លាប់ ទី១.ឈ្មោះ ឆាន ហន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករបោចទា ស្នាក់នៅផ្ទះថៅកែ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក និងមានស្រុកកំណើតនៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល  និងទី២.ឈ្មោះ យ៉ុម យ៉េក ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ និងស្នាក់នៅជាមួយគ្នា មានស្រុកកំណើតភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា គុបជ្រុង សេ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ផ 3572 ភព1 ។ ចំណែករថយន្តបង្ក ជាប្រភេទរថយន្តកូរ៉េដឹកកម្មករ ក្រោយកើតហេតុបើកគេចបាត់ស្រមោល។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ខាងលើ ជិះម៉ូតូឌុបគ្នាចេញពីទីតាំងបោចមាន់ទា នៅភូមិសែនសុខ៦ សង្កាត់ឃ្មួញ ក្នុងគោលបំណងឆ្ពោះទៅផ្ទះថៅកែវិញ នៅសង្កាត់ទឹកល្អក់១ ដោយធ្វើដំណើរកាត់តាមផ្លូវខាងលើ ក្នុងពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ខណៈមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង ស្រាប់តែរថយន្តបង្ក បើកពីកើតទៅលិចបញ្ច្រាសទិសគ្នា ជ្រុលបុករួចកិនបណ្តាលឲ្យស្លាប់ទាំង២នាក់ នៅកន្លែង ហើយរថយន្តបង្កបើករត់គេចបាត់ស្រមោល បន្សល់ទុកតែស្លាកស្នាមកាងរថយន្តនៅកន្លែងកើតហេតុតែប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកំណត់ហេតុ រួចបានប្រគល់សាកសពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ចំណែកម៉ូតូ នគរបាលយកទៅរក្សាទុកនៅផ្នែកនគរបាលជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌរង់ចាំក្រុមគ្រួសារមកទទួលទៅវិញ។ ដោយឡែកចំពោះម្ចាស់រថយន្តបង្ក សមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor