
នៅរសៀលថ្ងៃនេះ វេលាម៉ោង ១៥:០០ នាទីស្ដីការក្រសួង លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតន័រវេស ស៊ុយអែត ស្វីស និងកាណាដា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ សម្ដែងការគួរសម។
ឯកអគ្គរដ្ឋទូតបានលើកឡើងពីការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា និងជោគជ័យនេះការបោះឆ្នោតឃុំ-សង្កាត់កាលពីពេលថ្មីៗនេះ ប៉ុន្តែពួកគាត់សំដែងការព្រួយបារម្ភពីសភាពការណ៍ក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលកន្លងមកថ្មីៗនេះ ជាពិសេសលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ករណីគណបក្សប្រឆាំងជាដើម។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានសំដែងការអរគុណចំពោះក្រុមប្រតិភូដែលបានលើកឡើងពីការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហើយលោកថ្លែងអំណរគុណចំពោះបណ្តាប្រទេសទាំងនោះដែលបានផ្តល់ជំនួយមកដល់កម្ពុជាក្នុងអភិវឌ្ឍន៍ផែកសេដ្ឋកិច្ចនេះ។
លោកបានបញ្ជាក់ថា ការរៀបចំបោះឆ្នោតឃុំ-សង្កាត់កន្លងមក ត្រូវបានវាយតម្លៃថា រៀបចំដោយមានរបៀប និងដោយសន្តិវិធី។ គណបក្សនយោបាយដែលបានចូលរួមបោះឆ្នោត បានទទួលយកលទ្ធផលនៃការបោះឆ្នោត គ្រប់ៗគ្នា។
កាលពីម្សិលមិញ ប្រទេសបារាំងបានចេញសេចក្តីថ្លែងការណ៍ ព្រួយបារម្ភចំពោះស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្ន។
