នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្អែកនេះ តុលាការកំពូលនឹងបើកសវនាការលើបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ។ ដោយយោងតាមភ្នំពេញប៉ុស្តិ៍៖ សមាសភាពចៅក្រម៩រូប និងព្រះរាជអាជ្ញា១រូបនឹងធ្វើការសម្រេចរឿងក្តីរំលាយគណបក្សប្រឆាំងនេះ។
ចំណែកឯ សម្តេច ហ៊ុន សែន នឹងទៅជួបសំណេះសំណាលសួរសុខទុក្ខជាមួយកម្មករនិយោជិកប្រមាណជាជាង១ម៉ឺននាក់ មកពីរោងចក្រ១៨ នៅក្នុងតំបន់អភិវឌ្ឍន៍ 7NG ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជារៀងរាល់សប្តាហ៍ សម្តេច ហ៊ុន សែន តែងតែមានគម្រោងអញ្ជើញចុះសួរសុខទុក្ខកូនក្មួយកម្មករ ដើម្បីស្វែងយល់ពីសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសដើម្បីជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
នៅថ្ងៃនេះ សម្តេច ហ៊ុន សែន បានមកដល់ប្រទេសកម្ពុជាដោយសុវត្ថិភាព ក្រោយពីដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំសំខាន់ចំនួន២ គឺ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក APEC នៅវៀតណាម និងប្រជុំកំពូលអាស៊ានលើកទី៣១ នៅប្រទេសហ្វីលីពីន។


