
ត្បូងឃ្មុំៈ ដើមជ្រៃដ៏ធំ១ដើម ដែលក្រុមឈ្មួញបម្រុងលួចដឹកយកទៅលក់នៅប្រទេសវៀតណាម តាមច្រកព្រំដែនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ តែសំណាងអាក្រក់ព្រះមិនជួយ គឺដឹកយកទៅមិនរួច ដោយត្រូវបាក់រថយន្ត ហើយទម្លាក់ចោលនៅជិតមាត់ច្រកព្រំដែន កាលពីចុងខែតុលាកន្លងទៅថ្មីៗនេះ ត្រូវបានលោក លី ឡេង អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ចាត់តាំងឲ្យសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ ចុះត្រួតពិនិត្យ រហូតឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយមានការយកចិត្តទុកដាក់ពីប្រមុខថ្នាក់ដឹកនាំ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ បានស្ទូចដឹកយកទៅធ្វើការដាំដុះឡើងវិញ នៅក្នុងស្រុកត្បូងឃ្មុំ។

លោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ដោយមានការណែនាំចង្អុលបង្ហាញពីលោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃ២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ បានជួលរថយន្តស្ទូចដឹកយកដើមជ្រៃដ៏ធំនោះ យ៉ាងលំបាក ពីស្រុកមេមត់ ដើម្បីយកទៅធ្វើការដាំដុះឡើងវិញ នៅក្នុងបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកត្បូងឃ្មុំ រហូតទទួលបានជោគជ័យនាល្ងាចថ្ងៃដដែល ហើយលោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ ក៏បានធ្វើការអំពាវនាវផងដែរ គឺសូមឲ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ជាពិសេសកងកម្លាំងប្រដាប់អាវុធទាំង៣ ជួយចូលរួមសហការណ៍ ក្នុងការទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាន រាល់បទល្មើសជំនួញឈើខុសច្បាប់គ្រប់ប្រភេទផងដែរ៕






