
ភ្នំពេញៈ មន្រ្តីកាំកុងត្រូលបានបង្ហាញនូវទ្រីស្តី នៃវិទ្យាសាស្រ្តម្ហូបអាហារថា នៅលើពិភពលោកនេះ គ្មានម្ហូបអាហារណាមួយ ដែលគ្មានសារធាតុគីមីនោះទេ គ្រាន់តែថា សារធាតុគីមីនោះកើតមានស្រាប់ពីធម្មជាតិ ឬមួយបានមកពីការដាក់បន្ថែម ក្នុងដំណាក់ការផលិត ហើយត្រឹមត្រូវតាមបទដ្ឋានកំណត់ ឬអត់ ប៉ះពាល់ដល់សុខភាពមនុស្ស ឬមិនប៉ះពាល់ ឬមួយសារធាតុនោះត្រូវបានច្បាប់អនុញ្ញាត ឬអត់តែប៉ុណ្ណោះ។
មានប្រសាសន៍នៅក្នុងវគ្គផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ដែលរៀបចំដោយសាខាកាំកុងត្រូល ផែស្ងួតចុងទី-ភ្នំពេញ សហការជាមួយក្រសួងអប់រំយុវជន និងកីឡា នៅក្នុងសាលាសុវណ្ណភូមិ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ លោក ខៀវ បញ្ញាវឌ្ឍន៍ គ្រូបង្គោល មកពីអគ្គនាយកដ្ឋានកាំកុងត្រូល បានថ្លែងប្រាប់ក្មួយ ”សិក្សានុសិស្ស និងអ្នកចូលរួមថា ហានិភ័យនៃម្ហូបអាហារមាន៣ គឺហានិភ័យ នៃផ្នែកអតិសុខុមជីវសាស្រ្ត គីមីសាស្រ្ត និងកត្តរូបវ័ន្ត ហើយក្នុងនោះ ហានិភ័យ នៃផ្នែកអតិសុខុមជីវសាស្រ្តបានប្រឈមមុខជាងគេនៅលើពិភពលោក។
ដើម្បីកាត់បន្ថយ និងចៀសវៀងហានិភ័យទាំងនោះ អ្នកប្រើប្រាស់ត្រូវអនុវត្តវិធានការចាំបាច់មួយចំនួន ដូចជា លាងដៃ បន្លែ ផ្លែឈើ សាច់ សម្ភារៈផ្ទះបាយ ដោយទឹកស្អាត ហើយហូប ពិសេសញែកឱ្យដាច់រវាងបន្លែ និងសាច់ឆៅ អាហារឆ្អិន អាហារឆៅ ជ្រុញ កាំបិត ហាន់បន្លែ និងជ្រុញ កាំបិត ហាន់សាច់ សម្ភារៈដាក់បន្ថែ និងសម្ភារៈដាក់សាច់។

គ្រូបង្គោលរូបនេះបន្តថា សុវត្ថិភាពម្ហូបអាហារជាកត្តាសំខាន់ ដែលអ្នកគ្រប់គ្នាត្រូវតែចេះ និងដឹង។ កង្វះចំណេះដឹងផ្នែកនេះនឹងធ្វើឱ្យខាតបង់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ បាត់បង់ធនធានមនុស្ស និងប៉ះពាល់ខ្លាំងដល់សុភមង្គលគ្រួសារ និងសុខដុមភាពសង្គម។
ទាក់ទិននឹងបញ្ហាផលប៉ះពាល់ម្ហូបអាហារនេះ លោក ជា សាវ៉ន មន្រ្តីកាំកុងត្រូលបានឱ្យដឹងដែរថា វាធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ពិសេសការប្រើប្រាស់ថ្នាំពុល សារធាតុគីមី និងកង្វះចំណេះដឹងផ្នែកម្ហូបអាហារ ដោយគិតចាប់ពីកសិដ្ឋាន រហូតដល់តុអាហារ។ ដែលទាមទារឱ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវតែយល់ដឹង និងយកចិត្តទុកដាក់បំផុត ចំពោះសមិទ្ធិផលម្ហូបអាហារប្រចាំថ្ងៃ ពោលគឺត្រូវតែសម្អាតឱ្យបានត្រឹមត្រូវ មុននឹងយកទៅចំអិន ឬ ទទួលទាន ប្រចាំថ្ងៃ។
ក្រៅពីនេះ កង្វះសារធាតុអីយ៉ូតក៏ជារឿងសំខាន់ ដែលអាចឱ្យមនុស្សសត្វ ជួបបញ្ហាជាច្រើន ដូចជា បញ្ហាពកក បញ្ញាអន់ គរថ្លង់ ខ្សោយកម្លាំង កាយសម្បទាលូតលាស់យឺត ក្រិន ពិសេសអាចបណ្តាលឱ្យទារកស្លាប់ក្នុងផ្ទៃម្តាយ។ ក្នុងជីវភាពប្រចាំថ្ងៃ សារធាតុអ៊ីយ៉ូត៩០%បានមកពីការហូប ១០% បានមកពីផឹក ហើយ៨០%ស្ថិតក្នុងក្រពេញទីរ៉ូអ៊ីត និង២០%ស្ថិតក្នុងសិរីរាងរបស់មនុស្ស។ ចៀសវាងបញ្ហាខាងលើ ត្រូវបរិភោគឱ្យបានញឹកញាប់ នូវអាហារសមុទ្រ និងប្រើប្រាស់អំបិលដែលមានសារធាតុអ៊ីយ៉ូតជាប្រចាំ។
សូមបញ្ជាក់ថា បន្លែដែលមានសត្វល្អិតស៊ី ដែលដាក់លក់នៅលើទីផ្សារ វាមិនប្រាកដថា មិនប្រើប្រាស់សារធាតុគីមីនោះទេ កត្តាសំខាន់ គឺត្រួវលាងសម្អាតជាមួយទឹកស្អាតឱ្យបានត្រឹមត្រូវ នោះអាចជួយអ្នកបានមួយកម្រិត៕



