
ថៃៈ មេក្លោងជួញដូរថ្នាំញៀនដ៏ធំមួយ ប្រចាំខេត្តសមុទ្រប្រាកាន ប្រទេសថៃ ត្រូវកម្លាំងតម្រួតធ្វើការស្រាវជ្រាវ និងតាមប្រមាញ់រហូតឈានដល់ការចាប់ខ្លួន រួមជាមួយនឹងវត្ថុតាងដ៏ច្រើនមហិមា គឺថ្នាំញៀនប្រមាណ ជាង១០លានគ្រាប់ ខណៈមុខសញ្ញានេះ បានបង្ហាញខ្លួននៅកន្លែងលាក់ថ្នាំញៀន។
យោងតាមរបាយការណ៍របស់ភាគីថៃ បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីសំណាក់មុខសញ្ញាចែកចាយថ្នាំញៀនជាបន្តបន្ទាប់រួចមក សមត្ថកិច្ចបានដាក់កម្លាំងតាមប្រមាញ់ និងឃ្លាំចាំពិនិត្យមើលមុខសញ្ញាជួញដូរថ្នាំញៀនដ៏ធំម្នាក់ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

ទីបំផុតនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ មុខសញ្ញាបានបង្ហាញខ្លួននៅត្រង់ចំណុចផ្ទះលេខ ៣៣/៤៣៣ ក្នុងឃុំបាងកែវ ស្រុកបាងភ្លី ខេត្តសមុទ្រប្រាកាន ប្រទេសថៃ ទើបសមត្ថកិច្ចធ្វើការឡោមព័ទ្ធ ព្រមទាំងចាប់ខ្លួនជនសង្ស័យឈ្មោះ ផុង សៈកន ឬ ឈ្មោះ បម ប្រាក់វ៉ន ភេទប្រុស អាយុ២២ឆ្នាំ ដែលជាមុខសញ្ញាវ័យក្មេង។
ប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឆែកឆេរក្នុងលំនៅដ្ឋាន និងបានរកឃើញថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ១០ ៣១០ ០០០ គ្រាប់ ដែលជនសង្ស័យលាក់ទុកនៅក្នុងផ្ទះរបស់គេផ្ទាល់ ដោយបច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានប្រគល់ជនសង្ស័យ រួមទាំងវត្ថុតាងទៅឲ្យអង្គភាពជំនាញដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ៕



