Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម) បានលើកទឹកចិត្តឲ្យអ្នកនយោបាយជំនាន់ថ្មីរបស់អតីតគណបក្សសង្គ្រោះជាតិ (CNRP) រៀបចំកម្លាំងនយោបាយ ចូលរួមប្រកួតប្រជែង ដើម្បីកសាងសង្គមប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាបន្ត។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកបានថ្លែងថា គ.ប.ម ព្រួយបារម្ភចំពោះស្ថានភាពនយោបាយបច្ចុប្បន្ន ។ លោកថា គណបក្សបានព្យាយាមជាប់ជាប្រចាំ តាមរយៈការចេញសេចក្ដីថ្លែងការណ៍ សុំឲ្យមានការបន្ធួរបន្ថយ ការតានតឹងនយោបាយ ។

លោកបន្តថា រយៈពេលចុងក្រោយនេះ ស្ថានការណ៍នយោបាយកាន់តែអាក្រក់ទៅ ហើយបក្សក៏បានចេញសេចក្ដីថ្លែងការណ៍ ដោយសង្ឃឹមថា នឹងមិនមានការរំលាយគណបក្សសង្គ្រោះជាតិ ព្រោះចង់ឲ្យគណបក្សនេះ នៅតែជាបក្សដែលអាចចូលរួម ប្រកួតប្រជែងបោះឆ្នោតក្នុងពេលខាងមុខ ។

លោកបញ្ជាក់ថា យើងបានលើកទឹកចិត្តឲ្យអតីតគណបក្សសង្គ្រោះជាតិ អ្នកជំនាន់ថ្មីរៀបចំកម្លាំងនយោបាយចូលរួមប្រកួតប្រជែង កសាងសង្គមប្រជាធិបតេយ្យ សេរី ពហុបក្ស នៅប្រទេសកម្ពុជាយើងតទៅទៀត ។

សូមរំលឹកថា កាលពីថ្ងៃទី១៦ វិច្ឆិកា តុលាការកំពូលបានសម្រេចរំលាយគណបក្សសង្រ្គោះជាតិ ហើយការរំលាយនេះដែរ បានធ្វើឲ្យអ្នកគាំទ្របក្សប្រឆាំងនេះ ក៏ដូចជាពលរដ្ឋនៅទូទាំងប្រទេស ព្រមទាំងសហគមន៍ជាអន្តរជាតិជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង។  ក្នុងពេលជាមួយគ្នានេះដែរ ក្រោយរំលាយមន្រ្តីបក្សជាង១០០នាក់ទៀត របស់បក្សក៏បាត់បងសិទ្ធិធ្វើនយោបាយរយៈពេល ៥ឆ្នាំផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor