
នៅព្រឹកថ្ងៃទី២៤ខែវិច្ឆិកា ស្អែកនេះ អតីតប្រធានគណបក្សប្រឆាំង លោក កឹម សុខា នឹងត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សួរចម្លើយជាថ្មី នៅឯពន្ធនាគារត្រពាំងផ្លុង ស្ថិតក្នុងខេត្តត្បូងឃ្មុំ តែម្ដង។ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងមក ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី ផ្ញើលិខិតអញ្ចើញទៅកាន់ក្រុមមេធាវីការពារក្ដីរបស់លោក លោក កឹម សុខា ។
លោក ចាន់ ចេន សហមេធាវីការពារក្ដីឲ្យលោក កឹម សុខា ថាក្រុមមេធាវីនៅមិនទាន់បានសម្រេចថា នឹងធ្វើអ្វីបន្តទៀតនោះទេ ដោយរង់ចាំពេលសាកសួរចម្លើយកូនក្ដីរួចសិន ទើបថាប្រជុំគ្នា ដើម្បីសម្រេចការងារបន្តទៀត។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចព័ន្ធចាប់ទាំងកណ្តាលយប់ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោកស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយមកត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារង ចោទប្រកាន់ពីទោសក្បត់ជាតិ។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ តុលាការកំពូលបានសម្រេចរំលាយបក្សប្រឆាំងដ៏ធំនៅកម្ពុជា។
