
ភ្នំពេញៈ មន្រ្ដីជាន់ខ្ពស់ព្រឹទ្ធសភា អះអាងថា ការរំលាយគណបក្សសង្គ្រោះជាតិ មិនប៉ះពាល់ដល់ដំណើរនៃការបោះឆ្នោតព្រឹទ្ធសភានោះទេ ខណៈការបោះឆ្នោនឹងប្រព្រឹត្ដទៅនៅដើមឆ្នាំ២០១៨ខាងមុខនេះ។
លោក ម៉ម ប៊ុននាង ជាអ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់ Cam Post នាថ្ងៃទី២៣ ខែវិច្ឆិកានេះថា តុលាការកំពូល បានការរំលាយគណបក្សសង្គ្រោះជាតិ កាលពីពេលថ្មីៗនេះ គឺវាមិនបានប៉ះពាល់ដល់ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះទេ។
លោកបានអះអាងបែបនេះ ដោយសារតែ គ.ជ.ប បានបែងចែករឿងអាសនៈ រដ្ឋសភា របស់គណបក្សសង្គ្រោះជាតិទៅឱ្យគណបក្សផ្សេងទៀត ដើម្បីមានសិទ្ធិឈរឈ្មោះ និងទៅបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។
លោកបានបញ្ជាក់ថា ការប្រជុំពិភាក្សារបស់គណៈកម្មាធិការអចិន្រ្ដៃយ៍ ពាក់ព័ន្ធនឹងការរំលាយគណបក្សសង្គ្រោះជាតិនៅថ្ងៃស្អែកនេះ គឺដើម្បីគោរព និងអនុវត្ដន៍ទៅតាមសាលដីការបស់តុលាការកំពូល។
លោកបានបន្ដថា ការពិនិត្យ និងពិភាក្សាលើសាលដីការរបស់តុលាការកំពូលនេះ គឺមិនប៉ះពាល់ ដល់ការងារ របស់ព្រឹទ្ធសភានោះទេ ដោយសារតែសមាជិកខាងគណបក្សសង្គ្រោះជាតិគឺគ្រាន់តែ ជាសមាជិក ហើយមិនស្ថិតនៅក្នុងគណៈកម្មការក្នុងព្រឹទ្ធសភានោះទេ។

លោកបន្ថែមថា រដ្ឋសភា ព្រឹទ្ធសភា បានធ្វើវិសោធនកម្មច្បាប់បោះឆ្នោតតំណាងរាស្រ្ដ ព្រឹទ្ធសភា បោះឆ្នោតក្រុមប្រឹក្សា ខេត្ដ រាជធានី ស្រុក ខណ្ឌ និងបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ហើយការធ្វើវិសោធនកម្មច្បាប់ទាំងអស់នេះ គឺក្នុងគោលដៅបំពេញបន្ថែម តម្រូវទៅតាមការរៀបចំប្រកប ដោយសុគត៌ភាព ស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ។
ជាមួយគ្នានេះដែរ ការស្នើច្បាប់ និងការធ្វើវិសោធនកម្មច្បាប់របស់រដ្ឋសភា មកព្រឹទ្ធសភានេះ គឺធ្វើឡើងស្របទៅតាមទម្រង់បែបបទ បទដ្ឋានគតិយុត្ដច្បាប់ និងមាត្រាច្បាប់មួយចំនួនដែលយកទៅអនុវត្ដន៍មិនមានផលប៉ះពាល់ ឬផលវិបាកអ្វីនោះទេ គឺអនុវត្ដន៍ទៅតាមច្បាប់ និងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។
សូមបញ្ជាក់ថា គ.ជ.ប បានប្រកាសបែងចែកអាសនៈតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលនៅទំនេរនេះ ទៅឱ្យគណបក្សនយោបាយចំនួន៤ ហើយបានបញ្ជូនទៅរដ្ឋសភាហើយ ដើម្បីអនុម័ត និងប្រកាសអនុវត្តន៍នៅពេលខាងមុខនេះ៕