
ភ្នំពេញៈ ក្រុមហ៊ុនខ្សែរកាបមួយ ខណៈកំពុងជីកដីបង្កប់ខ្សែរបណ្តាញរបស់ខ្លួន ក៏ទៅចំដាច់ឫសដើមឈើធំមួយដើម បណ្តាលឲ្យដួលរលើង សង្កត់លើមធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋ រងការខូចខាតយ៉ាងដំណំ តែសំណាង គ្មានអ្នករបួស។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវម៉ៅសេងទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

តាមប្រភពពីសមត្ថកិច្ចបានប្រាប់ថា មុនពេលកើតហេតុ មានបុគ្គលិកក្រុមហ៊ុនខ្សែរកាបមិនស្គាត់ឈ្មោះមួយ កំពុងជីកដីដើម្បីបង្កប់ខ្សែរនៅក្បែរដើមឈើធំមួយដើម។ ស្រាប់តែបន្តិចក្រោយមក ប្រហែលជាជីកដាច់ឫស ធ្វើឲ្យដើមឈើនោះដួលរលំទទឹងថ្នល់ សង្កត់លើមធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋ មានទាំងរថយន្ត រុឺម៉កម៉ូតូ និងម៉ូតូ ដែលចតក្បែរនោះ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំតែម្តង។ ហើយពិតជាសំណាង ក្នុងហេតុការណ៍នេះ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក និងនគរបាលខណ្ឌចំការមន ចុះទៅដល់កន្លែងកើតហេតុ ជួយអន្តរាគមន៍ និងបានយករណារមកអារ លើកដាក់រថយន្តស្ទូចដឹកចេញពីផ្លូវមិនឲ្យមានការកកស្ទះចរាចរណ៍។ ចំណែកមធ្យោបាយធ្វើដំណើរដែលខូចខាត សមត្ថកិច្ចបានឲ្យម្ចាស់ទៅធ្វើកំណត់ហេតុនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ដើម្បីឲ្យភាគីក្រុមហ៊ុនចូលខ្លួនមកដោះស្រាយ៕







