ថៃៈ ពិតជារកអុស ប្រទះឈើងាប់មែន ដោយសារតែថ្នាំញៀនប្រភេទយ៉ាម៉ាប្រមាណជិត៣ ម៉ឺនគ្រាប់ ត្រូវបានគេប្រទះឃើញ ដោយមិនបាច់ខំប្រឹងរក ខណៈក្រុមហ៊ុនអគ្គិសនីរបស់ប្រទេសថៃ បានចុះធ្វើការរំកិលបង្គោលភ្លើង ដោយបានជីករណ្តៅជម្រៅប្រមាណជាងមួយម៉ែត្រ ក៏បានប្រទះឃើញថ្នាំញៀននេះតែម្តង ដោយមិនដឹងថា ជនណាមួយបានជីកដីកប់តាំងពីពេលណាមក។
យោងតាមរបាយការណ៍របស់ភាគីថៃ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ គឺក្រុមហ៊ុន ប៉ាមថង បានចុះទៅកាន់ភូមិ២ ឃុំណងវ៉ែង ស្រុកវឌ្ឍនាណៈខន ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីធ្វើការរំកិលបង្គោលភ្លើងមួយដើម ដែលមានបញ្ហា ដើម្បីទៅដាំនៅកន្លែផ្សេង ក្បែៗទីតាំងចាស់នោះដែរ ដើម្បីអោយឃ្លាតពីផ្លូវសាធារណៈ។ ខណៈដែលក្រុមកម្មករកំពុងធ្វើការជីករណ្តៅបានជម្រៅជាងមួយម៉ែត្រទៅហើយនោះ ក៏ស្រាប់តែបានប្រទះឃើញប្រអប់កែសមួយ ដែលមានស្រោបដោយថង់ផ្លាស្ទិកពណ៌ខ្មៅ និងដោយសារតែមានការប៉ះទង្គិចជាមួយនឹងឧបករណ៍ជីករណ្តៅផងនោះ ទើបធ្វើអោយថង់នោះត្រូវបែកធ្លាយ ដោយមានចេញមកខាងក្រៅ នូវថ្នាំញៀនប្រភេទយ៉ាម៉ាមួយចំនួនផង ទើបកម្លាំងរាយការណ៍ទៅសមត្ថកិច្ច តម្រួតខេត្តស្រះកែវ និងតម្រួត នៃអធិការដ្ឋានស្រុកវឌ្ឍនាណៈខន ដើម្បីចុះទៅពិនិត្យនៅក្នុងរណ្តៅនោះ។
ជំហានដំបូង គឺសមត្ថកិច្ចបានសន្និដ្ឋានថា ថ្នាំញៀននេះអាចមានចំនួន៣ម៉ឺនគ្រាប់ ទៅតាមលក្ខណៈនៃការវេចខ្ចប់ ប៉ុន្តែក្រោយពីបានប្រគល់ទៅអោយកម្លាំងជំនាញនៃអធិការដ្ឋាន តម្រួតវឌ្ឍនាណៈខន ដើម្បីយកទៅត្រួតពិនិត្យ និងរាប់សារថ្មី ទើបទទួលបានលទ្ធផលសរុប មានចំនួន ២៧ ៩១១ គ្រាប់ ។ បច្ចុប្បន្នសមត្ថកិច្ចថៃ កំពុងសិក្សា និងស្រាវជ្រាវរកមុខសញ្ញាដែលយកថ្នាំញៀននេះទៅកប់ក្នុងដី ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

