សេតវិមានសហរដ្ឋអាមេរិកថា ជាជំហានទី១ គឺការផ្តាច់ការគាំទ្រសម្រាប់គណៈកម្មាធិការរៀបចំការបោះឆ្នោត គ.ជ.ប និងរដ្ឋបាលនៃការបោះឆ្នោតជាតិឆ្នាំ ២០១៨ខាងមុខ ហើយអាមេរិកមិនទទួលយកលទ្ធផលការបោះឆ្នោតនៅឆ្នាំក្រោយឡើយ។ ឆ្លើយតបទៅនឹងការផ្តាច់ជំនួយនេះ នៅចំពោះមុខតំណាងកម្មករកម្មការិនីជិត៥ពាន់នាក់ នៅកោះពេជ្រ ថ្ងៃនេះ លោក ហ៊ុន សែន បានថ្លែងប្រតិកម្ម ប្រសិនបើអាមេរិកកាត់ជំនួយសម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានន័យថា អាមេរិកមិនត្រឹមតែផ្តួលសម្តេចមិនបាននោះទេ ថែមទាំងសម្លាប់ប្រជាធិបតេយ្យថែមទៀតផង។
លោក បន្ថែមទៀតថា៖ ខ្ញុំស្វាគមន៍ណាស់ ស្វាគមន៍អាមេរិកកាត់ជំនួយទៅដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមស្វាគមន៍តែម្តង។ បានសេចក្តីថា អ្នកឯង [អាមេរិក] និយាយពីលទ្ធិប្រជាធិបតេយ្យ ហើយអ្នកឯងកាត់ជំនួយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទន្ទឹមនឹងផ្តួលខ្ញុំមិនដួលហើយ អ្នកឯងបានរួមចំណែកសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
កម្ពុជាមិនអាចព្រោះតែជំនួយបរទេសបន្តិចបន្តួច ហើយត្រូវឱនក្បាល និងធ្វើឲ្យបាត់បង់ឯករាជ្យ អធិបតេយ្យភាពជាតិនោះឡើយ។យកល្អអំពាវនាវឲ្យអាមេរិកកាត់ជំនួយទាំងអស់តែម្តង ព្រោះកាត់ទៅ វាងាប់ NGOs (អង្គការសង្គមស៊ីវិល) នៅក្នុងស្រុកទាំងអស់ទៅសម្លាប់កូនខ្លួនឯងតែម្តង។
