
ភ្នំពេញៈ ផ្លោះរបងចូលលួចទូរស័ព្ទ និងកាបូបលុយ ត្រូវម្ចាស់គេភ្ញាក់រត់បាន៥០០ម៉ែត្រ ទើបកម្លាំងល្បាត នៃអធិការដ្ឋានខណ្ឌមានជ័យ ឃើញក៏ដេញតាមចាប់បាន កាលពីវេលាម៉ោង១៖០០នាទីរំលងអាធ្រាត្រ ថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០១៧នេះ នៅក្នុងផ្ទះមួយកន្លែង ស្ថិតនៅច្រកហ្គារ៉ាស់សាំង ជិតភោជនីយដ្ឋាន១៦៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមការរាបរាប់ពីលោកពូម្នាក់ ជាមន្ត្រីរាជការ ស្នាក់នៅផ្ទះខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់នៅក្នុងបន្ទប់ដោយចំហទ្វារ ដោយទុកកាបូប និងទូរស័ព្ទនៅក្បែខ្លួន ហើយក៏គេងលក់មួយភាំង ក៏លឺសម្លេងជើងមនុស្សដើរ ស្រាប់តែងាកទៅឃើញជនសង្ស័យបានកំពុងផ្លោះរបងចេញទៅ ដោយយកកាបូបនិងទូរស័ព្ទហើយរត់គេច គាត់ក៏បានស្រែកចោរៗ ឲ្យគេជួយដេញចាប់រហូតដល់មុខវត្តចាក់អង្រែលើ ក៏ត្រូវបានកម្លាំងល្បាត នៃអធិការដ្ឋានខណ្ឌមានជ័យ ឃើញក៏ជួយតាមចាប់បានភ្លាមៗ ជនសង្ស័យដែលបានឃាត់ខ្លួនមិនបានស្គាល់ឈ្មោះទេ ភេទប្រុស អាយុ៣០ឆ្នាំជាង មុខរបរ មិនពិតប្រាកដ ស្នាក់នៅម្ដុំមាត់ទន្លេ ក្រោយផ្ទះកើតហេតុខាងលើ ។

បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ចកំពុងសាកសួរ និងកសាងចាត់ការតាមនីតិវិធីច្បាប់៕