
ទោះបី គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ត្រូវបានតុលាការកំពូលប្រកាសរំលាយទៅជាងមួយសប្ដាហ៍ក្ដី ក៍ខាងគណបក្សកាន់អំណាច បានអំពាវនាវ ឲ្យសមាជិក សមាជិកា និងមន្ត្រីគ្រប់លំដាប់ថ្នាក់របស់ខ្លួន ត្រូវតែខិតខំប្រឹងប្រែង ដើម្បីប្រជែងយកសម្លេងពីម្ចាស់ឆ្នោត។ ខាងក្រោមនេះជា សារបែកធ្លាយរបស់លោក ហ៊ុន សែន៖
ផ្ញើជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសក្រុមការងារដែលចុះជួយតាមបណ្តាខេត្ត តាមមូលដ្ឋាន បញ្ហារបស់យើង មិនត្រូវបញ្ចប់ត្រឹមការរំលាយគណបក្សប្រឆាំងទេ យើងត្រូវដឹងថានេះគ្រាន់តែជាដំណាក់ការមួយ ការតស៊ូរបស់យើងនៅតឹងតែងស្មុគស្មាញ ជាមួយនឹងបញ្ហាដែលទាក់ទងនឹងអន្តរជាតិផង ហើយនឹងទាក់ទងនឹងបញ្ហាផ្ទៃក្នុងផង មិនមែនបាន សេចក្តីថាបក្សប្រឆាំងត្រូវបានរំលាយចោល ហើយយើងបែរជាធ្វេសប្រហេស ហើយការខិតខំឬបញ្ឈប់ការខិតខំ រឿងនេះអាចក្លាយជារឿងគ្រោះថ្នាក់សម្រាប់យើងទៅវិញ មិនមែនបក្សប្រឆាំងសម្លាប់យើងទេ តែយើងជាអ្នកសម្លាប់ខ្លួនឯងតែម្តង រឿងនេះមិនអាចកើតឡើងសារជាថ្មីនូវសន្លឹកឆ្នោតខឹងសម្បារដូចពេលកន្លងទៅ ដោយសារតែការខុសឆ្គងយើងតែម្តង ដូច្នេះអ្វីដែលធំជាងនេះទៅទៀតត្រូវធ្វើយ៉ាងម៉ិចឱ្យប្រជាជនបានទទួលផងយ៉ាងម៉ិចឱ្យប្រជាជនបានសប្បាយចិត្ត ប្រជាជនបានទទួលផល ប្រជាជនអត់គិត នរណាជាប់គុកឬក៏អាណាត្រូវរំលាយទេ រឿងនេះជារឿងដែលត្រូវប្រឹងមួយជាពីរដើម្បីឱ្យឃើញពីគុណភាព ពីស្មារតីទទួលខុសត្រូវរបស់យើង។