Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កូនប្រុសលោក ឌុច​ សុវណ្ណារី​ រដ្ឋលេខាធិការ នៃក្រសួងទំនាក់ទំនងរដ្ឋសភា​-ព្រឹទ្ធសភា និងអធិការកិច្ច ឈ្មោះ ឌុច សុវណ្ណារ៉េត​ (ហៅ រិទ្ធញាញ់) កំពុងស្ថិតក្នុងការតាមចាប់ខ្លួនដោយកម្លាំងនគរបាលក្រសួងមហាផ្ទៃ បន្ទាប់ពីបើកការបាញ់ប្រហារជាច្រើនគ្រាប់ កាលពីវេលាម៉ោងជាង៥ទៀបភ្លឺ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត រ៉ុក បណ្តាលឲ្យមនុស្សម្នាក់ រងរបួសធ្ងន់។

ក្រោយពីសមត្ថកិច្ចបានឃាត់ខ្លួនយុវជនម្នាក់ ដែលជាបក្ខពួកជនដៃដល់បើកការបាញ់ប្រហារនៅក្នុងមជ្ឈមណ្ឌលកម្សាន្ត Rock បញ្ជូនទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន បានបន្តិចហើយនោះ នៅពេលនេះ សមត្ថកិ​ច្ចក្រសួងមហាផ្ទៃ កំពុងបើកការស៊ើបអង្កេត និងតាមប្រមាញ់ជនដៃដល់។ នេះបើតាមការបញ្ជាក់ពីប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន្ទ។

មានករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត Rock ដែលគេស្គាល់ថា ជាកន្លែងរបស់ឧកញ៉ា គិត ធាង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាវេលាព្រឹកព្រលឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បណ្ដាលឲ្យមនុស្សម្នាក់ បានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។

មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន លោក ឃួន សំអុល ប្រាប់ Cam Post ឲ្យដឹងថា ពិតជាមានករណីបាញ់ប្រហារនៅក្នុងមជ្ឈមណ្ឌលកម្សាន្ត Rock នាព្រឹកនេះប្រាកដមែន។ លោកថា មនុស្សម្នាក់ បានរងរបួស ហើយត្រូវគេដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។ ភ្លាមៗនោះ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ ជាបក្ខពួកជនបង្កហេតុ យកទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន ដើម្បីធ្វើការសាកសួរផងដែរ។

ទោះជាបែបណា លោកមេបញ្ជាការរូបនេះ មិនបានលម្អិតឲ្យស៊ីជម្រៅចំពោះករណីផ្ទុះអាវុធនៅកណ្ដាលក្រុងភ្នំពេញ ទាំងព្រឹកនេះទេ។

បើតាមសេចក្ដីរាយការណ៍ បានបញ្ជាក់ឲ្យដឹងថា ករណីផ្ទុះអាវុធនេះ កើតឡើងដោយសារជម្លោះនៅក្នុងបន្ទប់លេខ២០២ និង២០៣ នៃមណ្ឌលកម្សាន្ត រ៉ុក ហើយជនដៃដល់ក៏ឈានដល់ការបាញ់ប្រហារលើជនរងគ្រោះចំនួន៤គ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់ត្រង់ជើង និងដៃ។ បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង អ្នកយកព័ត៌មានម្នាក់ បានទៅផ្ដិតយករូបភាព និងយកព័ត៌មាននៅកន្លែងកើតហេតុ ពោល គឺនៅខាងមុខមជ្ឈមណ្ឌល រ៉ុក ប៉ុន្តែត្រូវបានមន្ត្រីប៉េអឹមខណ្ឌចំការមនម្នាក់ រារាំង និងចាប់បោកទូរស័ព្ទអ្នកយកព័ត៌មានោះចោលតែម្ដង ដោយអះអាងថា “គ្មាននរណាធំជាងខ្លួនឡើយ សូម្បីមេប៉េអឹម”

យ៉ាងណាក្ដី ករណីមន្ត្រីប៉េអឹមខណ្ឌ បោកទូរស័ព្ទអ្នកសារព័ត៌មាននោះ ត្រូវបានលោកមេបញ្ជាការ ឃួន សំអុល ច្រានចោល ដោយបញ្ជាក់ថា អ្នកបោកទូរស័ព្ទ គឺជាសន្តិសុខយាមនៅមណ្ឌលកម្សាន្ត រ៉ុក។

បើតាមប្រភពបានប្រាប់ឲ្យដឹងថា ជនដៃដល់មានឈ្មោះ ឌុច សុវណ្ណារ៉េត ហៅ កែវ ភារុណ (ឈ្មោះមន្ត្រីយោធាស័ក្ដិ១) ហៅ រិទ្ធញាញ់ ជាកូនប្រុសរបស់លោក ឌុច​ សុវណ្ណារី​ រដ្ឋលេខាធិការ នៃក្រសួងទំនាក់ទំនងរដ្ឋសភា​-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអតីតអគ្គនាយករងគយ និងរដ្ឋាករកម្ពុជា។ ចំណែកជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ បៀ សំអឿន​ ភេទប្រុស អាយុ៣៣ឆ្នាំ​ មុខរបរ DJ ប្រចាំមជ្ឈមណ្ឌលកម្សាន្ត រ៉ុក។

គួរបញ្ជាក់បន្ថែមថា មជ្ឈមណ្ឌលកម្សាន្ត រ៉ុក (Rock) ដែលជាមណ្ឌលកម្សាន្តដ៏ល្បីឈ្មោះរបស់ឧកញ៉ាក គិត ធាង បងប្រុសអ្នកឧកញ៉ា គិត ម៉េង តែងតែកើតមានករណីឈ្លោះប្រកែកគ្នាជាញឹកញាប់ ហើយស្ទើរតែគ្រប់ជម្លោះតែងបង្កជាការបាញ់ប្រហារពីសំណាក់អ្នកមានមុខមាត់ក្នុងសង្គម។ ហើយអ្វីដែលគេកត់សម្គាល់នោះ គឺថា គ្រប់ករណីកើតឡើងនៅក្នុងបរិវេណមជ្ឈមណ្ឌលកម្សាន្តរបស់ឧកញ៉ារូបនេះ កម្រចាប់បានជនល្មើសណាស់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor