Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ដូចការគ្រោងទុក តុលាការកំពូល នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចាប់ផ្ដើមបើកសវនការលើបណ្ដឹងរំលាយគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជា តាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ។

សវនការនាព្រឹកនេះ ធ្វើឡើងក្រោមក្រសែភ្នែករបស់អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងអង្គការសង្គមស៊ីវិលជាច្រើននាក់ផងដែរ ដោយមានការរឹតបន្តឹងសន្តិសុខយ៉ាងតឹងរឹងបំផុត ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចយ៉ាងច្រើន ពោល គឺកម្លាំងអជ្ញាធរដែនដី កងកម្លាំងនគរបាលជាតិ កងកម្លាំងអាវុធហត្ថ និងកងកម្លាំងអង្គរក្សជាច្រើន ដែលប្រដាប់ដោយអាវុធ និងឧបករណ៍ទប់ទល់ចំពោះការកើតមានបាតុកម្ម បាន និងកំពុងដាក់នៅគោលដៅសំខាន់ៗ ជុំវិញបរិវេណតុលាការកំពូល ដើម្បីឃ្លាំមើល និងការពារសន្តិសុខក្នុងដំណើរការសវនការ។

ស្នងការនគរបាលក្រុងភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ថ្លែងប្រាប់ក្រុមអ្នកកាសែតនៅមុខតុលាការកំពូល មុននេះបន្តិចថា ដំណើរការសវនការនាព្រឹកនេះ សន្តិសុខត្រូវបានរឹតបន្តឹង ដោយបានហ៊ុំព័ទ្ធការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនអង្គសវនការ។ លោកក៏បញ្ជាក់ដែរថា តុលាការកំពូល ប្រកាសហើយថា នេះជាសវនការសាធារណៈ ដូច្នេះប្រជាពលរដ្ឋ និងអ្នកយកព័ត៌មាន អាចចូលស្ដាប់សវនការបាន ក៏ប៉ុន្តែរហូតមកទល់ពេលនេះ មិនមានអ្នកចូលរួមស្ដាប់សវនការឡើយ។

ក្រៅពីកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ក៏មានឃើញប្រជាពលរដ្ឋមួយចំនួនផងដែរ មកតាមដានឃ្លាំមើលដំណើរការសវនការលើរឿងក្ដីរំលាយបក្សប្រឆាំងមួយនេះ ក៏ប៉ុន្តែពួកគេមិនត្រូវបានអនុញ្ញាតឲ្យមានការប្រមូលផ្ដុំឡើយ ពោល គឺសមត្ថកិច្ចបានដាក់បារ៉ាស់ជុំវិញបរិវេណតុលាការជាទ្រង់ទ្រាយហ៊ុំព័ទ្ធតែម្ដង។

សវនការនៅព្រឹកនេះទៀតសោត បាន និងកំពុងធ្វើឡើងដោយមិនមានវត្តមានមេធាវីរបស់គណបក្សសង្គ្រោះជាតិនោះទេ បើទោះបីជាតុលាការកំពូល ធ្លាប់បានស្នើឲ្យគណបក្សនេះ ត្រៀមភស្តុតាង និងមេធាវី ដើម្បីតទល់ក្ដីក៏ដោយ ក៏ប៉ុន្តែគណបក្សប្រឆាំងបដិសេធក្នុងការផ្ដល់ភស្តុតាងនានា ខណៈមេធាវីដើមបណ្តឹងមាន៥រូប តែឥឡូវនៅសល់តែ៤រូបប៉ុណ្ណោះ។ សវនការនេះ ជាសភាពេញអង្គ មានចៅក្រម៩រូប និងតំណាងមហាអយ្យការមួយរូប ដែលអាចដំណើរការជំនុំជម្រះ រយៈពេលច្រើនម៉ោង ឬអាចពេញមួយថ្ងៃ ដើម្បីពិនិត្យភស្តុតាងជាច្រើននៅក្នុងសំណុំរឿង។

គួរជម្រាបផងដែរថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន បន្ទាប់ពីកម្លាំងសមត្ថកិច្ចរដ្ឋាភិបាល ស្រាវជ្រាវរកឃើញថា បានព្រព្រឹត្តអំពើក្បត់ជាតិ ឃុបឃិតជាមួយបរទេសចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលមានអាមេរិក ជាអ្នកផ្ចុងផ្តើម ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងស៊ែបប៊ី។ ហើយសព្វថ្ងៃនេះ លោក កឹម សុខា នៅពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ ដោយជាប់ចោទពីទោសក្បត់ជាតិ។ នេះជាដើមចម នាំឲ្យក្រសួងមហាផ្ទៃ ប្ដឹងទៅតុលាការកំពូល ស្នើរំលាយគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា នេះតែម្ដង។

ប៉ុន្តែលទ្ធផលគេមិនទាន់ដឹងយ៉ាងណានៅឡើយនោះទេ តែបើតាមក្រុមមេធាវីរបស់ក្រសួងមហាផ្ទៃ បានបង្ហាញការជឿជាក់ដោយយោងទៅលើភស្តុតាងដែលដាក់បន្ទុកនោះ គឺគណបក្សប្រឆាំងមួយនេះ នឹងត្រូវរំលាយទៅតាមច្បាប់ ស្តីពីគណបក្សនយោបាយ។

សូមជំរាបថា ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ ជឿជាក់ស្ទើរមួយរយភាគរយថា គណបក្សរណបបរទេសមួយនេះ ពិតជារលាយយ៉ាងពិតប្រាកដ។ ចំណែកថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន១១៨រូប ក៏ក្រុមមេធាវីជឿជាក់ថា នឹងត្រូវតុលាការកំពូល ផ្អាកសកម្មភាពនយោបាយរយៈពេល៥ឆ្នាំផងដែរ ស្របតាមច្បាប់ ស្តីពីគណបក្សនយោបាយ។

គណបក្សសង្រ្គោះជាតិ ត្រូវបានបង្កើតឡើងដោយការច្របាច់បញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី មានរូបសញ្ញា «ភ្លើងទៀន» របស់លោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស មានរូបសញ្ញា «ព្រះចន្ទ» របស់លោក កឹម សុខា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

គណបក្សប្រឆាំងមួយនេះ បានចូលរួមបោះឆ្នោតចំនួនពីរលើក គឺការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៥ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ដែលទទួលបានអាសនៈចំនួន៥៥អាសនៈ។ គណបក្សមួយនេះ ក៏បានចូលរួមបោះឆ្នោតម្តងទៀត គឺការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ដោយទទួលបានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ សរុប៥,០០៧នាក់ និងទទួលបានតំណែងមេឃុំ ចៅសង្កាត់ ៤៨៩អាសនៈ ជំទប់ទី១ ចំនួន៥០៣អាសនៈ ជំទប់ទី២ ចំនួន១០៨៧អាសនៈ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor