Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ តារាសម្តែងនាង នី មុន្នីនាថ បានដាក់លិខិតស្នើសុំទៅកាន់ប្រធានសមាគមសិល្បករខ្មែរ ដើម្បីចាត់ចែងមេធាវី ជួយរូបនាងពីការប្តឹងរបស់អតីតគូដណ្តឹង។

លិខិតផ្ញើជូនអ្នកនាង​ ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមរួចហើយ បំណងឲ្យ​សមាគមចាត់ចែងរកមេធាវីឲ្យ នី មុន្នីនាថ ដើម្បីការពារក្តីឲ្យតារារូបនេះ។

តាមពាក្យស្នើសុំរបស់ នី មុន្នីនាថ ដែលផ្ញើមកសមាគមសិល្បករខ្មែរ បានឲ្យដឹងថា នាងសុំស្នើដល់សមាគមសិល្បករខ្មែរជួយពឹងពាក់មេធាវីមួយរូប ដើម្បីការពារក្តីឲ្យរូបនាងក្នុងវិវាទនៅតុលាការជាមួយឈ្មោះ អ៊ឹង សូឡាង (អតីតគូដណ្ដឹង)។

លិខិតដដែលបង្ហាញថា ឈ្មោះ អ៊ឹង សូឡាង ជាអតីតគូដណ្តឹងបានប្តឹងនាងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយអយុត្តិធម៌បំផុត តាមពាក្យបណ្តឹងចុះថ្ងៃទី២៨ កញ្ញា ឆ្នាំ២០១៧។

លិខិតដដែល បន្តថា នី មុន្នីនាថ មិនច្បាស់បញ្ហាផ្នែកច្បាប់ និងនី​តិវិធីនៅតុលាការ ដើម្បីការពារក្តី រួមនឹងការការពារផលប្រយោជន៍ស្របច្បាប់ដល់រូបនាង ទើបនាងស្នើសុំមេធាវី ដើម្បីការពារក្ដីលើសំណុំរឿងមួយនេះ។

កាលពីប៉ុន្មានថ្ងៃមុនសាលាដំបូងរាជធានីភ្នំពេញ បានចេញលិខិតកោះហៅ នី មុន្នីនាថ ឲ្យចូលខ្លួនមកបំភ្លឺ ពាក់ព័ន្ធទៅនឹងពាក្យបណ្តឹងរបស់អតីតគូស្នេហ៍លោក អ៊ឹង សូឡាង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ។

តារាសម្ដែងទឹកភ្នែក នី មុន្នីនាថ ត្រូវចូលខ្លួនដោះស្រាយ តាមដីកាកោះរបស់ចៅក្រម អ៊ុក សុវណ្ណារិទ្ធ នៃសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង ២.៣០ រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ។

យ៉ាងណាក៏ដោយយោងតាមលិខិតកោះហៅនោះ បានឲ្យដឹងថា ការចូលខ្លួនតាមដីកាកោះហៅពីចុងចម្លើយ នី មុន្នីនាថ នាពេលនេះ គឺធ្វើទៅតាមនីតិវិធី ដើម្បីត្រៀមការទាញហេតុផលតាមបណ្តឹងទាមទារប្រាក់ពីដើមបណ្ដឹង។

អតីតគូដណ្តឹងតារាសម្តែង នាង នី មុន្នីនាថ លោក អ៊ឹង សូឡាង បានសម្រេចដាក់ពាក្យបណ្តឹង ដោយទាមទារឱ្យតារារូបនេះសងជំងឺចិត្តមកឱ្យខ្លួនចំនួន៥ម៉ឺនដុល្លារ បន្ទាប់ពីអ្នកទាំងពីរបានកាត់ផ្តាច់ទំនាក់ទំនងគ្នា។ លោក អ៊ឹង សូឡាង បានចាត់ទុក នី មុន្នីនាថ ថា បានបោកប្រាក់ខ្លួន ក្នុងពេលដែលមានទំនាក់ទំនងគ្នា​។

កាលពីអំឡុងពាក់កណ្តាលខែមីនា ឆ្នាំ២០១៧ តារាមុខស្រស់នេះ ទទួលវីសាឲ្យទៅអាមេរិក បែរជាមិនទៅ ថែមទាំងលុបចោលការភ្ជាប់ពាក្យចោលគូដណ្តឹង។

បញ្ហាមួយនេះបានក្លាយជាការតាមដានពីមជ្ឈដ្នានមហាជន ហើយម្នាក់ៗចាំឃ្លាំមើលយ៉ាងអន្ទះសារគ្រប់គ្នាថា ចុងក្រោយអ្នកណាខុស អ្នកណាត្រូវ គ្រាដែល មុនីនាថ ថា អយុត្តធម៌ទៅវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor