Sponsor
អាម៉ាប៉ាប៉ាញ៉ូស

មណ្ឌលគិរីៈ បទល្មើសព្រៃឈើ​ បច្ចុប្បន្នគេមើលឃើញថា​ កំពុងរីករាលដាលទៅរកភាពវិនាសនាថ្ងៃអនាគត​ ខណៈក្រុមឈ្មួញពាក់ព័ន្ធនៅតែបន្តរកស៊ី និងដឹកជញ្ជូនដោយខុសច្បាស់​។

ថ្មីៗនេះ នៅខេត្តភាគឦសានប្រទេសកម្ពុជា បទល្មើសព្រៃឈើហាក់មានសន្ទុះឡើងវិញ​ ក្នុងនោះ មានខេត្តក្រចេះ​ ស្ទឹងត្រែង​ រតនគិរី និងមណ្ឌលគិរី ជាដើម​។​ បើនិយាយពីខេត្តមួយក្នុងចំណោមខេត្តទាំង៤នេះ​ ខេត្តមណ្ឌលគិរី ជាខេត្តមួយដែលពោរពេញទៅដោយបទល្មើសច្រើន​ ក្នុងនោះ មានទាំងទំនិញគេចពន្ធ និងការចរាចរឈើខុសច្បាប់ផងដែរ​។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា​ បច្ចុប្បន្ននេះ ​មន្ត្រី​ធំៗ​ប្រចាំ​ច្រកណាំលៀ ហៅច្រកប៉ុស្តិ៍៧​ ស្ថិតក្នុងពេជ្រាដា​ ជា​អ្នក​ពាក់ព័ន្ធ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចេញ​ឈើ​ប្រណី​តទៅ​លក់នៅប្រទេសវៀតណាម​។

សេចក្តីរាយការណ៍បន្ត​ទៀតថា មាន​ឈ្មួញ​ជាច្រើន​នាក់ ​កំពុង​រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត​តាម​ច្រកណាំលៀ ក្នុងនោះក៏មានសេចក្តីរាយការណ៍ទៀតថា​ លោក​ឧកញ៉ា ហ៊ុន ជា ដែល​ត្រូវជាក្មួយ​នាយករដ្ឋមន្ត្រី សម្តេច​តេជោ ហ៊ុន​ សែន ក៏ពាក់ព័ន្ធរឿងនេះដែរ​។

ជុំវិញការចោទថា​ លោកឧកញ៉ា​ ហ៊ុន​ ជា​ ជាអ្នកនៅពីក្រោយឈ្មួញរកស៊ីខុសច្បាប់នៅខេត្តមណ្ឌលគិរី​ លោកធ្លាប់បដិសេធ​។​ អង្គភាពសារព័ត៌មាន​ Cam Post មិនអាចទំនាក់សំការបំភ្លឺពីលោក​ ហ៊ុន​ ជា​ បានទេ​ នៅថ្ងៃអាទិត្យនេះ​។

ស្នងការនគរបាលខេត្តមណ្ឌលគិរី​ លោក​ អ៊ុក​ សំណាង​ បានសន្យាថា នឹងប្រើវិធានការជំនាញ ដើម្បីបង្រ្កាបបទល្មើសព្រៃឈើ ពិសេសគឺមន្រ្តីពាក់ព័ន្ធតាមច្រក​។

លោកស្នងការ បញ្ជាក់ប្រាប់​ Cam Post នៅព្រឹកថ្ងៃអាទិត្យ​ ទី១២វិចិ្ឆកានេះថា​ “ម្សិលមិញ មានព្រះរាជអាជា្ញរង​មួយរូប និងស្នងការរងទទួលផែនបទល្មើសមួយរូប រួមទាំងអ្នកពាក់ព័ន្ធ​ បានចុះទៅច្រកណាំលៀ ដោយប្រើជំនាញបង្រ្កាប”។ ប៉ុន្តែលោកមិនលម្អិតពីចំណាត់ការក្តៅទៅលើក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើ​ ក្នុងនោះ មានទាំងក្មួយនាយករដ្ឋមន្រ្តី​ផង។

លោក អ៊ុក​ សំណាង​ បានបន្ថែមខ្លឹមសារ​ថា ថ្មីៗនេះ សមត្ថកិច្ចខេត្តមណ្ឌលគិរី​ បានចាត់វិធានការបង្រ្កាបបទល្មើសព្រៃឈើ បានជាបន្តបន្ទាប់នៅក្នុងស្រុកកែវសីមា ហើយចំណាត់ការនេះ នឹងបន្តរហូត​ដូចភ្លៀងរលឹម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor