Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ និងជាសមាជិកសភាគណបក្សប្រជាជនកម្ពុជា (CPP) បានអះអាងថា តួនាទី​ និងតំណែងរបស់មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ (CNRP) រួមមានសមាជិកសភា ជំនួយការ និងរបបប្រាក់ខែ និងតួនាទីផ្សេងៗទៀត នឹងត្រូវបានបាត់បង់ទំាងអស់ នៅពេលគណបក្សនេះ ត្រូវបានរំលាយនៅពេលខាងមុខនោះ។

លោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា តំណែងមន្ត្រីរបស់គណបក្សដែលជាប់ឆ្នោត (គណបក្សសង្គ្រោះជាតិ) នឹងត្រូវរំលាយ។

លោកថា មូលហេតុដែលបាត់បង់នោះ ដោយសារការបោះឆ្នោតនៅកម្ពុជា ត្រូវអនុវត្តន៍តា មប្រព័ន្ធសមាមាត្រ ដូច្នេះទោះបីតំណែងទាំងឡាយបានមកពីការបោះឆ្នោតដោយឆន្ទៈរបស់ប្រជាពលរដ្ឋយ៉ាងណាក៏ដោយ ក៏នៅពេលណាគណបក្សសាម៉ីត្រូវបានលុបឈ្មោះ រំសាយ និងត្រូវបានរំលាយដោយតុលាការកំពូល ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ តំណែងតំណាងរាស្ត្រ តំណែងក្រុមប្រឹក្សាខេត្ត រាជធានី ស្រុក ខណ្ឌ និងតំណែងក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវអស់គុណសម្បត្តិ និងអស់សុពលភាពដោយស្វ័យប្រវត្តិ។

លោកបានគូសបញ្ជាក់ថា “ផ្អែកលើមូលដ្ឋាននេះ គ្មានបុគ្គលណាអាចនៅក្រាញននៀល ឬតវ៉ារក្សាតំណែង ដោយប្រការណាមួយបានជាដាច់ខាត។ មិនមែនដូចទណ្ឌិត សម រង្ស៊ី ចេះតែនិយាយឲ្យតែរួចពីមាត់ ដោយគ្មានការទទួលខុសត្រូវនោះទេ។ បើអស់តំណែងហើយ មានអ្នកណារាប់រកទៀតនោះទេ។ ព្រោះគ្មានការទទួលស្គាល់ជាផ្លូវការ គ្មានស្ថិតនៅក្នុងរចនាសម្ព័ន្ធណាមួយ គ្មានអ្នកណារាប់រក និងស្វាគមន៍ គ្មានកន្លែងធ្វើការ គ្មានអ្នកណាហៅចូលរួមប្រជុំ តែបើចង់ចូលប្រជុំ ក៏សមត្ថកិច្ចហាម និងមានវិធានការទប់ស្កាត់មិនឲ្យចូលប្រជុំ និងមិនឲ្យចូលជិតកន្លែងប្រជុំដែរ គ្មានឈ្មោះក្នុងបញ្ជីបើកប្រាក់បំណាច់ និងប្រាក់របបផ្សេងៗ”

ជាមួយគ្នានោះដែរ លោក សុខ ឥសាន្ត ក៏បានលើកឡើងថា ដោយពិនិត្យមើលឃើញជាក់ស្តែង ពីអំពើប្រព្រឹត្តរបស់លោក កឹម សុខា និងដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ ដែលអាចធ្វើឲ្យតុលាការកំពូល រំលាយបាន។

លោកក៏បានស្រង់សម្ដីសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាប្រជាពលរដ្ឋទូទៅអាចសន្និដ្ឋានថា លោក កឹម សុខា ត្រូវប្រឈមមុខនឹងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ពីបទសន្និដ្ឋិភាពជាមួយបរទេស បង្កអំពើប្រទូសរាយដល់ប្រទេសជាតិ ដែលជាទោសក្បត់ជាតិ។ ចំណែក គណបក្សប្រឆាំងត្រូវប្រឈមមុខនឹងមាត្រា៦ថ្មីពីរ មាត្រា៧ថ្មី មាត្រា៣៨ថ្មី និងមាត្រា៤៤ថ្មី នៃច្បាប់ស្តីគណបក្សនយោបាយ។

លោកសង្កត់ធ្ងន់ថា “ដោយផ្អែកលើមូលដ្ឋាននេះ ទើបក្រសួងមហាផ្ទៃ បានស្នើទៅតុលាការកំពូល ដើម្បីវិនិច្ឆ័យរំលាយគណបក្សប្រឆាំងនេះចោល។ ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ ពាក់ព័ន្ធនឹងអំពើប្រព្រឹត្តល្មើសច្បាប់របស់បក្សប្រឆាំង ទើបសម្តេចតេជោ ហ៊ុន សែន យល់ឃើញថា គណបក្សប្រឆាំងនេះ នឹងមិនអាចគេចរួចពីការរំលាយចោលដោយតុលាការកំពូលទេ។ ដោយមានជំនឿចិត្តយ៉ាងដូច្នេះ ទើបសម្តេចហ៊ានដាក់ភ្នាល់១ សង១០០នោះ”

សូមជម្រាបថា តុលាការកំពូល នៅតែមានតួនាទី និងសិទ្ធិសម្រេចនៅក្នុងអង្គសវនាកាជំរះក្តីដដែល ដែលបច្ចុប្បន្នកំពុងដំណើរការសំណុំរឿងតាមនីតិវិធីច្បាប់ ឆ្ពោះទៅរកការបើកសវនាកា នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor