
ខេត្តកំពង់ឆ្នាំង ៖ នៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះ ឈានចូលដល់ថ្ងៃប្រារព្ធព្រះរាជពិធី បុណ្យអុំទូកហើយ ស្រាប់តែកីឡាករអុំទូក.ងឈ្មោះក្តាមប្រៃម្នាក់ បានគាំងបេះដូងស្លាប់ ខណៈអុំសាកល្បងមុនចេញដំណើរទៅកាន់រាជធានីភ្នំពេញចូលរួមប្រកួត។

ជនរងគ្រោះឈ្មោះ ចាប ពៅ ភេទប្រុស អាយុ៣១ឆ្នាំ ជាកីឡាករចំណុះទូក.ង ឈ្មោះក្តាមប្រៃ នៅភូមិកំពង់ក្តារ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានស្លាប់នៅកន្លែងប្រារព្វពិធីមុខវត្តកំពង់ត្រឡាចក្រោម នាវេលា ម៉ោង១០ព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ។
ពាក់ព័ន្ធករណីនេះ គ្រូពេទ្យបានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។ចំណែកប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី៣១ ខែតុលា អាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំធ្វើពិធីសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និង អុំសាកល្បង មុនពេលចេញដំណើរទៅចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ។ ក្នុងពេលអុំសាកល្បងនោះ ស្រាប់តែកីឡាករឈ្មោះ ចាប ពៅ ចំណុះទូកឈ្មោះក្តាមប្រៃ មានអាការៈមិនស្រួល និងបានដួលនៅលើទូក ហើយក្រុមគ្រូពេទ្យដែលនៅប្រចាំការទីនោះ បានចុះទៅជួយសង្គ្រោះភ្លាមៗ ប៉ុន្តែគាត់គាំងបេះដូងស្លាប់បាត់ទៅហើយ៕
