
ស្ទឹងត្រែងៈ មិត្តភក្តិ២នាក់ ផឹកស៊ីជាមួយគ្នា លុះដល់ពេលស្រវឹងទាស់ពាក្យសម្តីគ្នា រហូតឈានដល់បង្កហិង្សាវាយតប់គ្នា ដោយភាគីម្ខាងទាញកាំបិតចាក់ភាគីម្ខាងទៀត បណ្ដាលឲ្យធ្លាយពោះស្លាប់នៅនឹងកន្លែងកើតហេតុ។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចទួលចំបក់ ស្ថិតក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
សមត្ថកិច្ច បានឲ្យដឹងថា ករណីខាងលើនេះ បង្កដោយជនសង្ស័យឈ្មោះ ចក់ សារ៉ាន់ ហៅឃូល ភេទប្រុស អាយុ៤១ឆ្នាំ មានមុខរបរកសិករ រស់នៅភូមិស្ទិចលិច ឃុំដងក្តា ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម។

សមត្ថកិច្ច បន្តថា ជនសង្ស័យបានយកកាំបិតចុងស្រួចមកចាក់ទៅលើជនរងគ្រោះឈ្មោះ ហួន កេះ ភេទប្រុស អាយុ៤៤ឆ្នាំ មានមុខរបរកសិករដូចគ្នា រស់នៅភូមិ/ឃុំកើតហេតុខាងលើ បណ្តាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់មកជនសង្ស័យក៏បានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗផងដែរ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

