
ភ្នំពេញៈ លោកស្រី មូរ សុខហួរ អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ (CNRP) ដែលគេដឹងថា ពូកែខាងតស៊ូមតិជាមួយមន្រ្តីរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាលផ្ទាល់ បានថ្លែងថា គណបក្សសង្រ្គោះជាតិ នៅតែខ្លាំង ហើយនៅតែជាតំណាងរបស់ពលរដ្ឋនៅទូទាំងប្រទេស ទោះបីជាមានការរំលាយក៏ដោយ ដែលចំណុចនេះ ធ្វើឲ្យមន្រ្តីទាំងអស់មិនអាចទទួលយកបានទេ។
លោកស្រី មូរ សុខហួរ បានថ្លែងតាមវិដេអូជាង៦នាទីកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ថា តុលាការចេញសាលដីការនេះ គឺជាសេចក្តីសម្រេចមួយដែលមានលក្ខណៈខុសយ៉ាងធ្ងន់ធ្ងរ ហើយថា សេចក្តីសម្រេចនេះ បានផ្ទុយពីឆន្ទៈរបស់ពលរដ្ឋខ្មែរនៅទូទាំងប្រទេស។
លោកស្រី មូរ សុខហួរ បានបញ្ជាក់ថា “យើងមិនទទួលយកអ្វីដែលជាសេចក្តីសម្រេច ដើម្បីសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទេ យើងនៅតែជាតំណាងរបស់បងប្អូន”។
លោកស្រីបានបង្ហាញជំនឿថា CNRP នៅតែជាបក្សតំណាងពលរដ្ឋហើយនឹងបន្តដំណើរឆ្ពោះទៅរកការបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខ។ លោកស្រីថា ការរំលាយគណបក្សប្រឆាំងដ៏ធំនៅកម្ពុជានេះ គឺជាការរំលាយលទ្ធិប្រជាធិបតេយ្យកម្ពុជា។
លោកស្រីបានបង្ហាញក្តីសង្ឃឹមទៀតថា សហគមន៍អន្តរជាតិ ជាពិសេសប្រទេសម្ចាស់ជំនួយនឹងថ្កោលទោសចំពោះការរំលាយបក្សប្រឆាំងដ៏ធំនៅកម្ពុជា ហើយសមាជិកបក្សទាំងអស់នៅតែបន្តទាមទារមានការដោះលែង លោក កឹម សុខា។

លោកស្រីថា អំណាចរបស់បក្សនៅតែខ្លាំងទាំងនៅពេលបច្ចុប្បន្ន នឹងពេលអនាគត ហើយសង្ឃឹមថា នឹងមានដំណោះស្រាយ៕