
កំពង់ស្ពឺៈ មកទល់នឹងព្រឹកថ្ងៃច័ន្ទនេះ ព័ត៌មាននៃគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តរបស់ក្រុមហ៊ុនស្រាបៀអង្គរ បើកបុករថយន្តរបស់ពិធីករប៉ុស្ដិ៍លេខ៥ មានមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ធ្ងរ២នាក់ ដែលខណៈនេះ អ្នករងរបួសកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅឡើយ នៅក្នុងមន្ទីរពេទ្យនារាជធានីភ្នំពេញ។
លោក សរ ងួន ពិធីករ និងជាអគ្គនាយករងទូរទស្សន៍ប៉ុស្ដិ៍លេខ៥ និងកូនស្រីតូច បានរងរបួសធ្ងន់ ខណៈដែលភរិយារបស់លោក ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តរបស់ក្រុមហ៊ុនស្រាបៀអង្គរ បើកបុករថយន្តរបស់លោកយ៉ាងពេញទំហឹងនៅចំណុចផ្លូវកោងជ្រោះពេជ្រនិល ខណៈពេលដែលកំពុងធ្វើដំណើរជាមួយក្រុមគ្រួសារត្រឡប់មករាជធានីភ្នំពេញ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨៖២៥នាទី យប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០១-១០២ ស្ថិតក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
អនុសេនីយ៍ឯក សឿង សំអាត នាយរងប៉ុស្ដិ៍នគរបាលត្រែងត្រយឹង បានឲ្យដឹងថា ស្ត្រីជាភរិយារបស់លោក សរ ងួន មានឈ្មោះ បុទុម សុភិយ៉ា អាយុជាង៤០ឆ្នាំ បានទទួលមរណភាពភ្លាមៗពេលកើតហេតុ ដោយគៀបជាប់ក្នុងរថយន្ត និងកូនស្រីមានឈ្មោះ ស រិទ្ធីវី រងរបួសធ្ងន់ កំពុងទទួលការមើលថែពីគ្រូពេទ្យគន្ធបុប្ផា រីឯលោក សរ ងួន កំពុងសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត។

មុនពេលកើតហេតុ គ្រួសារគាត់បានជិះរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AE-9018 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចមកកើត (ពីព្រះសីហនុ មកភ្នំពេញ) លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តដឹកស្រាបៀរអង្គរ ម៉ាក នីសាន់ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3B-6318 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ (ក្រោយកើតហេតុបានរត់គេចខ្លួនបាត់) បានបើកល្បឿនលឿនបញ្រ្ចាសផ្លូវដល់ផ្លូវកោង ហើយទៅបុករថយន្តឡិចស៊ីសពេញទំហឹង បណ្តាលឲ្យបុកគ្នាតែម្តង។

បើតាមនាយរងប៉ុស្ដិ៍ខាងលើ នៅក្រោយពេលកើតហេតុ នគរបាលឃុំត្រែងត្រយឹង បានចុះធ្វើការវាស់វែង និងហៅរថយន្តសាមុយដឹកអ្នករងរបួសធ្ងន់ទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ប៉ុន្តែដោយសាររបួសធ្ងន់ធ្ងរក៏សម្រេចដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ ដោយឡែក សពប្រពន្ធរបស់លោក សរ ងួន ត្រូវបានសមត្ថកិច្ចជួយគាស់ចេញពីរថយន្ត រួចយកសពមកតម្កល់នៅក្នុងវត្តត្រែងត្រយឹង រង់ចាំសាច់ញាតិមកទទួលយក។
ចំពោះរថយន្តបង្កហេតុ និងរថយន្តរងគ្រោះ ត្រូវបាននគរបាលជំនាញអូសយកមករក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយទៀត៕









