
ភ្នំពេញៈ ដោយមិនបង្អង់យូរ នាំឲ្យជនបង្កមានឱកាសគេចខ្លួននោះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមន្ត្រីប៉ូលិសម្នាក់ភ្លាមៗ បន្ទាប់ពីបានប្រើហិង្សាវាយ និងបាញ់សំឡុត បណ្ដាលឲ្យយុវជនម្នាក់ ក្នុងចំណោម៣នាក់ រងរបួសបែកក្បាលហូរឈាមជោកខ្លួន។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជាង៨យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវលេខ៥៩៨ ជិតស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាន ករណីផ្ទុះអាវុធកើតឡើងនៅជិតស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយគេអះអាងថា មានមន្ត្រីប៉ូលិសក្រសួងមហាផ្ទៃម្នាក់ ជិះរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក BMW ពាក់ស្លាកលេខ ភ្នំពេញ 2AG-7898 បានវាយ និងបាញ់១គ្រាប់ សំឡុតយុវជនម្នាក់ ក្នុងចំណោម៣នាក់ បណ្ដាលឲ្យបែកក្បាលហូរឈាម។ យ៉ាងណា រហូតមកទល់នឹងព្រឹកថ្ងៃនេះ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណមន្ត្រីបង្កហេតុនេះនៅឡើយទេ ព្រោះហាក់មានការលាក់បាំង។

យុវជនរងគ្រោះ ដែលត្រូវមន្ត្រីប៉ូលិស វាយឲ្យរបួសធ្ងន់នោះ បានរៀបរាប់ថា នៅមុនពេលកើតហេតុ ខ្លួន និងមិត្តភ័ក្ត២នាក់ទៀត បានជិះម៉ូតូមួយគ្រឿង តាមបណ្ដោយផ្លូវលេខ៥៩៨។ នៅខណៈកំពុងជិះម៉ូតូនោះ ស្រាប់តែរថយន្តមួយគ្រឿងជារបស់មន្ត្រីប៉ូលិសបង្កហេតុខាងលើ បានជិះមកគៀរម៉ូតូរបស់ពួកគេ ហើយបន្តដំណើរទៅមុខបាត់។ ថ្វីបើត្រូវរថយន្តគៀរហើយក្ដី ប៉ុន្តែពួកគេនៅបន្តដំណើរទៅមុខដដែល ហើយក៏ប្រទះឃើញរថយន្តបង្កកំពុងឈប់ ដោយមន្ត្រីប៉ូលិសនោះកំពុងឈរនោម។ ឃើញដូន្នេះ ពួកគេក៏ដើរចូលទៅដើម្បីសួរនាំ ស្រាប់តែមន្ត្រីបង្កហេតុជាម្ចាស់រថយន្តបានយកាំភ្លើងវាយក្បាលយុវជនម្នាក់ ក្នុងចំណោមពួកគេទាំង៣ បណ្ដាលឲ្យបែកក្បាលឈាមពេញមុខ ហើយដោយមិនអស់ចិត្តក៏បាញ់សំឡុតមួយគ្រាប់ទៀតតែម្ដង។
រឿងហេតុបន្ទាប់ពីការប្រើហិង្សា និងបាញ់បោះហើយនោះ មន្ត្រីប៉ូលិសជើងខ្លាំង បែរជាភ័យខ្លាច ហើយព្យាយាមបើករថយន្តរត់គេចខ្លួន ប៉ុន្តែអកុលសក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំបាត់ទៅ៕






