អ្នកនិពន្ធ និងសម្តែងលោក ងួន សុបិន បានប្រកាស់ក្នុងបទសម្ភាសន៍កម្មវិធី ” អូ ! អ៊ីចឹង តើ…” របស់វេបសាយ Kqubeកាលពីថ្ងៃសុក្រទី១៧ វិច្ឆកាថា លោកបានសម្រេចចិត្តដើរចេញពីផលិតកម្ម ថោន មែនទែនហើយ ព្រោះការងារកន្លែងចាស់មួយនេះ ធ្វើឲ្យលោកមិនសូវសប្បាយចិត្ត។ ស្រាប់តែថ្ងៃម្សិលមិញមានប្រពភពីអ្នកសិល្បៈស្និទ្ធជាមួយលោក ងួន សុបិន ម្នាក់បានបង្ហើបប្រាប់ថា ខណៈអ្នកនិពន្ធរូបនេះចេញពី ថោន លោកបានមកបើកផលិតកម្មខ្លួនឯងមួយឈ្មោះ 2B ដែលមានតារាចម្រៀងលោក សៅ ឧត្តម កញ្ញា សុវត្ថិឌីធារិកា និងDJ KaKa ជាតារាចម្រៀងជាជំហានដំបូង។
ប្រភពដដែល បានបង្ហើបប្រាប់អ្នកយកព័ត៌មាន Kqubeទៀតថា លោក ងួន សុបិន មានបំណងចង់បើកផលិតកម្មផ្ទាល់ខ្លួនច្រើនឆ្នាំមកហើយ ដោយលោកជិនណាយនឹងការងារធ្វើឲ្យគេ អស់ទាំងកំលាំង ហត់ទាំងចិត្ត ប៉ុន្តែអ្វីដែលទទួលបានមកវិញ គឺមានតែភាពច្រណែនឈ្នានីសគ្នា គឺម្នាក់ជាន់ម្នាក់ ដើម្បីឈានទៅដល់ចំណុចមួយទៀត ។ ចំណុចទាំងនេះហើយដែលធ្វើឲ្យលោកជិនណាយ នឹងការងារធ្វើឲ្យគេ។
គួរបញ្ជាក់ដែរថា ស្របពេលដែលមានព័ត៌មានលោក ងួន សុបិន ដើរចេញពីផលិតកម្ម ថោន ក៏មានផលិតកម្មថ្មីមួយឈ្មោះ 2B បានបង្ហាញវត្តមានលើទីផ្សារចម្រៀង ហើយក៏បានចេញបទចម្រៀងខ្លះៗនៅលើបណ្តាញសង្គមហ្វេប៊ុកបានតិចតួចហើយដែរ គឺជាការបកស្រាយដោយលោក សៅ ឧត្តម និងDJ KaKa ។
ប៉ុន្តែនៅព្រឹកនេះយើងមិនទាន់ទទួលបានការបញ្ជាក់ពីលោក ងួន សុបិន ជុំវិញព័ត៌មានលោក បើកផលិតកម្មថ្មីមួយ ដែលមានឈ្មោះ 2Bនៅឡើយទេ ព្រោះទូរស័ព្ទរបស់លោកទាក់ទងមិនទាន់បាន ប៉ុន្តែតាមរយៈការបង្ហាញឈ្មោះអ្នកនិពន្ធបទ
ចម្រៀងឲ្យលោក សៅ ឧត្តម ច្រៀងមានបទ “អន់៧០” គឺជាស្នាដៃរបស់អ្នកនិពន្ធរូបនេះផងដែរ។ តែទោះយ៉ាងណាព័តមាននេះ Kqube នឹងស្រាយចម្ងល់ជូនទស្សនិកជន នៅពេលក្រោយបន្តទៀត ខណៈពេលទទូលបានការឆ្លើយតបពីលោក ងួន សុបិន ផ្ទាល់ ៕


