ភ្នំពេញៈ បុរសម្នាក់ បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ក្រោយពីផឹកស្រវឹងរករឿងប្រពន្ធវាយក្បាយនាងមួយដៃ ស្រីយកកន្ត្រៃ ចាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាប្តីមានឈ្មោះ ស៊ុន សុខហៃ អាយុ៣០ឆ្នាំ មុខរបរ ជំនួយការអគ្គិសនី រដ្ឋាករទឹក រស់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅខេត្តកំពង់សោម ។ ចំណែកជនសង្ស័យជាប្រពន្ធឈ្មោះ សុខ សុគន្ធា ហៅមុំ អាយុ៤២ឆ្នាំ មុខរបរ លក់ប្រហិតចៀន នៅផ្ទះកើតហេតុ មានស្រុកកំណើត ស្រុកទ្រាំង ខេត្តតាកែវ ។ គ្រួសារខាងលើ មានកូន៧នាក់ ប្រុស៤នាក់ ស្រី៣នាក់ រស់នៅក្នុងបន្ទុក។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនកើតហេតុ នៅវេលាម៉ោងខាងលើ មិនដឹងថាប្តីទើបមកពីផឹកស៊ីទីណានោះទេ ស្រវឹងចូលមកដល់ផ្ទះនាំទាំងមិត្តភក្តិ២នាក់ទៀត មកផឹកបន្ត រួចឈ្លោះរករឿងប្រពន្ធ ដោយខឹងចោទថា ប្រពន្ធលក់ដូរឲ្យគេជឿ ជំពាក់ច្រើន លក់ដូរមិនដែលបានលុយ ទើបទាស់ពាក្យសម្តីគ្នា គម្រាមវាយកូនចៅ បង្កឲ្យភ័យខ្លាច ឈានដល់ប្តីស្ទុះទៅវាយក្បាលប្រពន្ធមួយដៃ ហើយកើតជាជម្លោះ ជេរតទៅមក ប្តីហក់ចូលទៅម្តងទៀត ខណៈដែលប្រពន្ធកាន់កន្ត្រៃ កាត់ថង់នំស្រាប់ផង លើករងជង់ចំទ្រូង បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមៈ តែជាអនិច្ចារ ជនរងគ្រោះឈាមហូរចាញ់ខ្លាំងពេក ស្លាប់បាត់ជីវិត រួចដឹកត្រឡប់មកតំកល់ទុកនៅវត្តពោធិចិនតុវវិញ បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅពិនិត្យ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ។
ស្រ្តីជាប្រពន្ធក្រោយកើតហេតុ កាន់កន្រ្តៃ ចូលទៅបំភ្លឺនៅប៉ុស្តិ៍កាកាប ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

