
សម្តេច ហ៊ុន សែន កាលពីថ្ងៃអាទិត្យ បានបញ្ជាឲ្យក្រសួងមហាផ្ទៃធ្វើការស៊ើបអង្កេតនិងពិនិត្យមើលលទ្ធភាពផ្លូវច្បាប់ ដើម្បីបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ យោងតាមការចុះផ្សាយរបស់វិទ្យុសំឡែងសហរដ្ឋអាមេរិ៖ ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សនេះ ដែលមានមូលដ្ឋាននៅក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បានហៅការប៉ុនប៉ងបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ថាជា ទង្វើឥតមេត្តាធម៌របស់ជនផ្ដាច់ការ។
លោក Charles Santiago ប្រធានក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្សនិងជាសមាជិកមួយរូបរបស់សភាប្រទេសម៉ាឡេស៊ី បានមានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍ថា៖
«ការជំរុញឲ្យបិទអង្គការសិទ្ធិមនុស្សដ៏គួរឲ្យគោរពមួយនេះ គឺជាទង្វើឥតមេត្តាធម៌របស់ជនផ្ដាច់ការ ហើយវានឹងធ្វើឲ្យមានការរីករាលដាលនៃការភ័យខ្លាចក្នុងចំណោមអង្គការសង្គមស៊ីវិល»។
លោក បន្តទៀតថា៖ ការវាយប្រហាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅលើ ម.ស.ម.ក គឺជា ភស្តុតាងបន្ថែមទៀតនៃការរអិលកាន់តែជ្រៅទៅៗរបស់កម្ពុជាទៅក្នុងភាពផ្ដាច់ការ»។
លោក Charles Santiago នៃក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស បានថ្លែងថា៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គឺជាអង្គការមួយដែលទទួលបានការគោរពច្រើនជាងគេបង្អស់មួយ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងនៅក្នុងតំបន់អាស៊ានទាំងមូលទៀតផង។

លោកថ្លែងបន្ថែមទៀតថា ជាច្រើនឆ្នាំមកហើយ អង្គការនេះបានបង្ហាញឲ្យឃើញពីឯករាជ្យភាពនិងការប្ដេជ្ញាដ៏ខ្លាំងក្លា ក្នុងការការពារសិទ្ធិមនុស្ស សម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍ បញ្ជាក់ថាខ្លួនមិនជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយណាមួយទេ ហើយថា អង្គការនេះមានឯករាជ្យដាច់ខាតពីគណបក្សនយោបាយទាំងអស់ ទោះបីជាអតីតបុគ្គលិករបស់ខ្លួនមួយចំនួន បានចូលប្រឡូកក្នុងវិស័យនយោបាយ ឬបានចូលរួមជាមួយគណបក្សនយោបាយផ្សេងៗក៏ដោយ។
សេចក្ដីថ្លែងការណ៍ដដែលនោះសរសេរថា ទោះបីជាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គាំទ្រសិទ្ធិរបស់បុគ្គលគ្រប់រូបក្នុងការចូលប្រឡូកក្នុងវិស័យនយោបាយយ៉ាងណាក្ដី ក៏មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ពុំដែលទទួលរងឥទ្ធិពលអ្វីទាំងអស់ពីអតីតបុគ្គលិកដែលបានចូលប្រឡូកក្នុងវិស័យនយោបាយ ទោះតាមមធ្យោបាយណាក៏ដោយ។