
ភ្នំពេញៈ លោក អ៊ួន ឈិន និងលោក យាង សុជមេត្តា អតីតបុគ្គលិកវិទ្យុអាស៊ីសេរី ប្រឈមនឹងការជាប់ពន្ធនាគារចន្លោះពី៧ ទៅ១៥ឆ្នាំ បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា រកឃើញថា អ្នកទាំងពីរបានលួចផ្ដល់ព័ត៌មានឲ្យទៅបរទេស ដែលអាចបង្កអន្តរាយដល់សង្គមជាតិ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ថ្លែងប្រាប់អ្នកសារព័ត៌មានតាមបណ្ដាញសង្គមតេឡេក្រាម នៅម៉ោង១២៖២១នាទី រសៀលថ្ងៃទី១៨ ខែវិច្ឆិកានេះថា សុំណុំរឿងអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធការលួចដំឡើងបន្ទប់ស្ទោឌីយោដោយខុសច្បាប់នោះ ពេលនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់ជាផ្លូវការហើយ។
បើតាមអ្នកនាំពាក្យរូបនេះ ៖ “បន្ទាប់ពីបានពិនិត្យសំណុំរឿង រួមទាំងឆ្លងកាត់ការស្រាវជ្រាវស៊ើបអង្កេត ដោយបានពិនិត្យភស្តុតាង និងផ្ទៀងផ្ទាត់ចម្លើយជនសង្ស័យរួចមក ព្រមទាំងយល់ឃើញថា មានមូលដ្ឋានគ្រប់គ្រាន់ឲ្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ ដោយបើកការស៊ើបសួរពីបទប្រគល់អោយរដ្ឋបរទេស នូវព័ត៌មានជាអាទិ ដែលបង្កអោយមានការអន្តរាយដល់ការការពារជាតិ តាមបញ្ញត្តិមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា ហើយបញ្ជូនទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវីធី”។

ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់ចំណុចមាត្រា៤៤៥ បានចែងថា “បទប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ អំពើប្រគល់ ឬធ្វើឲ្យងាយស្រួលធ្លាក់ដល់ដៃរដ្ឋបរទេស ឬភ្នាក់ងារបរទេសនូវព័ត៌មានវិធី វត្ថុឯកសារ ទិន្នន័យព័ត៌មានវិទ្យា ឬសលាកបត្រដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧ ដល់១៥ឆ្នាំ”។
គួរជម្រាបថា អតីតបុគ្គលិកវិទ្យុអាស៊ីសេរី ចំនួន២រូប គឺលោក អ៊ួន ឈិន និងលោក យាង សុជីមេត្តា ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះកម្ពុជា ធ្វើការឃាត់ខ្លួនអំឡុងចុះធ្វើរដ្ឋបាលនៅចំណុចបន្ទប់លេខ E04 ជាន់ទី៧ នៃសណ្ឋាគារម៉ារឌី ក្បែរស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមបទសង្ស័យដំឡើងប្រព័ន្ធផ្សព្វផ្សាយដោយខុសច្បាប់ ពោល គឺលួចផលិតព័ត៌មានផ្ញើទៅឲ្យវិទ្យុអាស៊ីសេរី នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
ក្រោយការឃាត់ខ្លួន អ្នកទាំងពីរ ត្រូវបានបញ្ជូនទៅធ្វើការសាកសួរ និងឃុំខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាំងយប់ ហើយសមត្ថកិច្ចបានបញ្ជូនអ្នកទាំងពីរ មកតុលាការចំនួន២លើកមកហើយផងដែរ។ នៅរសៀលថ្ងៃនេះផងដែរ អ្នកទាំងពីរ ក៏នឹងត្រូវបញ្ជូនមកតុលាការក្រុងភ្នំពេញ ជាលើកទី៣ មុនពេលចៅក្រមសម្រេចឃុំខ្លួនជាផ្លូវការ៕
