
នៅល្ងាចថ្ងៃទី ១៦វិច្ឆិកា ឆ្នាំ ២០១៧ តុលាការកំពូលបានប្រកាសសាលដីការរំលាយគណបក្សសង្គ្រោះជាតិ។ ភ្លាមៗនោះ សហគមន៍អន្តរជាតិ ដូចជាប្រទេសផ្តល់ជំនួយធំៗ និងអង្គការអន្តរជាតិ រួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប្រទេសអូស្ត្រាលី អង្គការសាក្សីសកល Global Witness និងអង្គការលើកលែងទោស Amnesty International បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ សម្តែងការស្រងាកចិត្ត និងថ្កោលទោសចំពោះសេចក្តីសម្រេចនេះ ហើយថាប្រទេសកម្ពុជាក្រោមការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ន កំពុងតែបង្វិលប្រទេសឆ្ពោះទៅរកអំណាចផ្តាច់ការ ដែលពិបាកក្នុងការបន្តភាពជាដៃគូអភិវឌ្ឍជាមួយទៀតណាស់។
សេតវិមានអាមេរិក បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ សម្តែងការព្រួយបារម្ភ ចំពោះរបត់ប្រជាធិបតេយ្យដើរថយក្រោយនៅកម្ពុជា ហើយអាមេរិកមិនទទួលស្គាល់សាលដីការបស់តុលាការកំពូល ដែលសម្រេចរំលាយគណបក្សសង្គ្រោះជាតិនោះទេ ហើយថាទង្វើនេះ បញ្ជាក់យ៉ាងច្បាប់ទៅកាន់ពិភពលោកថា ការដាក់កម្រិតរបស់រដ្ឋាភិបាលមកលើសង្គមស៊ីវិល ការសង្កត់សង្កិនមកលើសារព័ត៌មាន និងការហាមឃាត់ការធ្វើសកម្មភាពនយោបាយរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង១១៨នាក់ បានរុញច្រានការអភិវឌ្ឍនលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាឲ្យដើរថយក្រោយយ៉ាងគំហុក និងបានដាក់ឲ្យកំណើនសេដ្ឋកិច្ច និងកិត្តិនាមអន្តរជាតិរបស់ខ្លួន ស្ថិតនៅក្នុងភាពគ្រោះថ្នាក់។
ជាជំហានទី១គឺការផ្តាច់ ការគាំទ្រសម្រាប់គណៈកម្មាធិការរៀបចំការបោះឆ្នោត គ.ជ.ប និងរដ្ឋបាលនៃការបោះឆ្នោតជាតិឆ្នាំ ២០១៨ខាងមុខ ហើយអាមេរិកមិនទទួលយកលទ្ធផលការបោះឆ្នោតនៅឆ្នាំក្រោយឡើយ។ ត្រូវដោះលែង លោកកឹម សុខា និងអនុញ្ញាតឲ្យគណបក្សប្រឆាំង សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ ដំណើរការស្របច្បាប់វិញ។ ចំណែកឯ លោក Jonh McCain និងលោក Dick Durban សមាជិកព្រឹទ្ធសភាអាមេរិក បានលើកឡើងថា ទោះបីជាអាមេរិក និងសហគមន៍អន្តរជាតិផ្សេងទៀត បានខិតខំលើកតម្កើងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងណាក៏ដោយ ក៏ប្រព័ន្ធរបស់លទ្ធិនេះនៅតែត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ក្រោយការដឹកនាំរបស់លោក ហ៊ុន សែន។ ព្រឹទ្ធសភាអាមេរិក ទទូចឲ្យមានការបន្ធូរបន្ថយស្ថានភាពនយោបាយ ហើយប្តេជ្ញាត្រូវតែធ្វើអ្វីមួយ ដើម្បីពង្រឹងតម្លៃនៃប្រជាធិបតេយ្យនៅកម្ពុជា វិញ។

សហភាពអឺរុប បានលើកឡើងថា សកម្មភាពកម្ទេចគណបក្សសង្គ្រោះជាតិនេះ គឺជាដំណើរប្រឆាំងទៅនឹងសេរីពហុបក្ស លទ្ធិប្រជាធិបតេយ្យ និងភាពជាដៃគូជាង ២ទសវត្សរវាងសហគមន៍អន្តរជាតិ ដែលមានសហភាពអឺរុបផងដែរ ជាមួយនឹងកម្ពុជា។ សហភាពអឺរុប មើលឃើញថា នេះគឺជាការរំលោភលើភាពស្របច្បាប់របស់គណបក្សប្រឆាំង។ សហភាពនេះ សំណូមពរឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវតែគោរពសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ។
ចក្រភពអង់គ្លេស តាមរយៈលោក Mark Field រដ្ឋមន្ត្រីកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក បានបង្ហាញការព្រួយបារម្ភ ហើយថាសកម្មភាពនេះ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការបោះឆ្នោតនៅកម្ពុជានាឆ្នាំ ២០១៨ អង់គ្លេសទទូចឲ្យដោះលែងលោក កឹម សុខា និងកែប្រែការសម្រេចរំលាយគណបក្សប្រឆាំងឡើងវិញ បើពុំដូច្នោះទេគេអាចពិចារណាលើភាពជាដៃគូជាមួយកម្ពុជាជាបន្តទៀត។

ចំណែករដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី លោកស្រី Julie Bishop បានលើកឡើងថា ការរំលាយគណបក្សសង្គ្រោះជាតិ មានន័យថាសម្លេងឆ្នោតដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងការបោះឆ្នោត នឹងលែងត្រូវបានទទួលស្គាល់ទៀតហើយ។
ក្រៅពីនេះ អង្គការលើកលែងទោសអន្តរជាតិ Amnesty International បាននិយាយថា នេះគឺជាការរំលោភសិទ្ធិមនុស្ស សម្រាប់សេរីភាពនៃការបញ្ចេញមតិ ហើយសាលដីការំលាយគណបក្សសង្គ្រោះជាតិ និងការហាមប្រាមមន្ត្រីជាន់ខ្ពស់១១៨នាក់ មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ គឺជារឿងអយុត្តិធម៌ អង្គការមួយនេះ បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ត្រូវតែបង្ហាញចំណាត់ការយ៉ាងរឹងមាំមួយ ចំពោះសកម្មភាពដែលមិនអាចទទួលយកបាននេះ។
រីឯ លោក Emma Burnett តំណាងអង្គការសាក្សីសកល Global Witness បាននិយាយថាជំនួយជាប្រាក់រាប់ពាន់លានដុល្លារ ដើម្បីគាំទ្រការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បានជួបនូវភាពបរាជ័យ ដោយសារការធ្វើទុកបុកម្នេញលើគណបក្សប្រឆាំង សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចលើកឡើងថា ទោះបីសហរដ្ឋអាមេរិកឈប់ផ្តល់ជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជាក៏ដោយ នៅមានប្រទេសជាច្រើនទៀតចាំជួយកម្ពុជា។
