កាលពីព្រឹកមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោក វ៉ន ពៅ កំពុងតែគេចខ្លួនទៅក្រៅប្រទេស និងឲ្យវិលត្រឡប់មកវិញ ដោយគ្មានការចាប់ខ្លួន។
លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានស្វាគមន៍ការអត្ថាធិប្បាយរបស់លោកហ៊ុន សែន ក្នុងការធានាអះអាងថានឹងគ្មានចាប់ខ្លួនរូបលោកនោះ និងថាលោកមិនបានរត់គេចខ្លួនទៅណាឡើយ។
គួររំលឹកថា នៅថ្ងៃបើកសវនាការរំលាយគណបក្សសង្គ្រោះជាតិ ក្រុមមេធាវីបានរបស់ក្រសួងមហាផ្ទៃបានបង្ហាញវីដេអូស្ដីពីសកម្មភាពលោក វ៉ន ពៅ បានដឹកនាំការតវ៉ាមួយនៅខាងក្រៅទីស្ដីការគណៈរដ្ឋមន្ត្រីក្នុងឆ្នាំ២០១៣ និងទាមទារឲ្យលោកហ៊ុន សែន ចុះចេញពីតំណែង។ សកម្មភាពទាំងនេះ ជាអ្វីដែលក្រុមមេធាវីយល់ថាជាការពាក់ព័ន្ធទៅហ្នឹងចលនារបស់គណបក្សប្រឆាំងក្នុងការប៉ុនប៉ងធ្វើបដិវត្តផ្កាឈូកដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាល។
លោក វ៉ន ពៅ ថាលោកមិនបានរត់ទៅណានោះទេ លោកគ្រាន់តែអញ្ជើញទៅការិយាល័យសមាគមរបស់លោកនាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប៉ុណ្ណោះ ។ ដូច លោកកែម ឡី និយាយអ៊ីចឹង ឱ្យខ្ញុំរត់ទៅណា បើកម្ពុជាជាប្រទេសខ្ញុំ នេះជាការលើកឡើងរបស់លោក វ៉ន ពៅ។
លោក វ៉ន ពៅ ដែលធ្លាប់រងការវៃយ៉ាងដំណំ និងត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម កាលខែមករា ឆ្នាំ២០១៤ ផ្លូវវ៉េងស្រេង បញ្ជាក់ថា ខ្ញុំមានអារម្មណ៍ថាជាការល្អប្រសើរហើយដែលយើងអត់មានធ្វើការខុសអីផង ហើយគាត់អំពាវនាវឲ្យមកវីញ កុំឲ្យចេះតែចោទ អ៊ីចឹងវាធ្វើឲ្យមនុស្សមានការបារម្ភដែរ។ ពេលគាត់ (លោក ហ៊ុន សែន) និយាយអ៊ីចឹងដូចជាបង្ហាញថាផ្តល់ភាពកក់ក្ដៅដល់អ្នកទាំងឡាយណាដែលតែងតែបារម្ភដូចខ្ញុំអ៊ីចឹងដែរ”។ លោកក៏បដិសេធចំពោះការចោទប្រកាន់ពីការចូលរួមឬ ប៉ុនប៉ងធ្វើបដិវត្តពណ៌ណាមួយប្រឆាំងនឹងរាជរដ្ឋាភិបាល ហើយថាទាំងនេះគឺធ្វើតាមវិជ្ជាជីវៈគឺការពារប្រយោជន៍កម្មករក្រៅប្រព័ន្ធតែប៉ុណ្ណឹង។

