Sponsor
រិទ្ធី

តុលាការកំពូលនឹងបើកសាវនាការលើបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅថ្ងៃអាទិត្យនេះ នៅក្នុងទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក ក្នុងសិក្ខាសាលាស្តីពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា លោក សម រង្ស៊ី អតីតមេបក្សប្រឆាំង បានលើកឡើងថា៖

បើធ្វើល្មមៗអត់អីទេ គេម្នាក់ៗអត់ធ្មត់ ចាំមើលក្រែងគ្រាន់បើជាងមុន ហើយ ហ៊ុន សែន ពូកែណាស់ ពូកែបោកគេថា ខ្ញុំនឹងធ្វើឲ្យគ្រាន់បើជាងមុន កាន់តែល្អជាងមុន។ តែនេះមិនមែនគ្រាន់បើជាងមុនទេ កាន់តែយ៉ាប់ទៅៗ ហើយម្ដងនេះ វាហួសហេតុហ្មង ឆ្លងទៅហួសបន្ទាត់ក្រហម គេឈប់និយាយរក។

អ៊ីចឹងខ្ញុំចង់ឲ្យរំលាយថ្ងៃ១៦ហ្នឹង រំលាយឲ្យឆាប់ ហ៊ុន សែន កាន់តែឆាប់ចប់ខ្លួនឯង។ ពេលរំលាយ យើងនឹងមានរដ្ឋាភិបាលថ្មីមួយចេញពីការបោះឆ្នោតត្រឹមត្រូវ ដែលដឹកនាំដោយសង្គ្រោះជាតិ។ លោកបន្ថែមទៀតថា បន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិនោះ រដ្ឋាភិបាលមួយនេះ នឹងមិនមានភាពស្របច្បាប់ចាប់ពីឆ្នាំក្រោយ ដោយសារអន្តរជាតិមិនទទួលស្គាល់នូវលទ្ធផលនៃការបោះឆ្នោត។

សមាជិកព្រឹទ្ធសភាអាមេរិកនឹងរៀបចំដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា តាមរយៈការដាក់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលចូលក្នុងបញ្ជីទណ្ឌកម្ម បង្កកទ្រព្យសម្បត្តិ និងបញ្ឈប់ការផ្ដល់ទិដ្ឋាការឲ្យចេញចូល ឬក៏អាចរឹបអូសយកទ្រព្យសម្បត្តិទៀតផង។ លោកបានជំរុញឲ្យរំលាយគណបក្សប្រឆាំងឲ្យបានឆាប់ ដោយថាសម្ពាធទាំងអស់នឹងធ្លាក់ទៅលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ប៉ុន្តែនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងជំនួបសំណេះសំណាលជាមួយក្រុមប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៤ ឆ្នាំ២០១៧ នៅវិមានសន្តិភាពលោក ហ៊ុន សែន បានថ្លែងថា ប្រទេសទាំងឡាយណាដែលមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនៅកម្ពុជា គឺជារឿងរបស់ប្រទេសនោះ សំខាន់ឱ្យតែប្រជាពលរដ្ឋខ្មែរទទួលស្គាល់ទៅបានហើយ ហើយកម្ពុជាក៏មិនបាច់បង្ខំឱ្យទទួលស្គាល់នោះដែរ។

លោកបន្តថា ទោះបីជាប្រទេសណាចង់ ឬមិនចង់ទទួលស្គាល់រដ្ឋាភិបាល កើតក្រោយការបោះឆ្នោត នៅឆ្នាំក្រោយក៏ដោយ លោកថា វាមិនសំខាន់នោះទេ ដោយថា កម្ពុជាមានច្បាប់ និងស្ថាប័នកំពូលរបស់ខ្លួន ដែលលោកថា អាចវាយតម្លៃពីភាពស្របច្បាប់នៃការបោះឆ្នោតនោះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor