
បន្ទាប់ពី គណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូល សម្រេចរំលាយ កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ចិកា ឆ្នាំ២០១៧ កន្លងទៅ ធ្វើឲ្យ តំណែងចៅសង្កាត់ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ត្រូវបាត់បង់ទៅជាមួយគ្នាដែរ។
ក្រោយស្ងាត់មួយរយៈ អតីតចៅសង្កាត់អូរចារ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត រូបនេះបានសម្រេចចិត្តបើកអាហារដ្ឋានថ្មី ជារបររកស៊ីមួយ ដែលអាហារដ្ឋានថ្មីដែលនឹងបើកក្នុងពេលឆាប់ៗនេះ ហើយត្រូវបានដាក់ឈ្មោះថា «រ៉ូហ្ស៊េតចំណីបាត់ដំបង» ។
«រ៉ូហ្ស៊េតចំណីបាត់ដំបង» នេះមានសេវាកម្មបម្រើ អតិថិជននូវនំចំណីអាហារគ្រប់ប្រភេទដែលជាស្នាដៃស្ត្រីបាត់ដំបង។ តាមរយៈគណនីហ្វេសប៊ុក កញ្ញា រ៉ូហ្ស៊េត កាលពីថ្ងៃទី២៦ ខែវិច្ចិកា ឆ្នាំ២០១៧ ម្សិលមិញនេះ កញ្ញាបានឆ្លៀតពេលដើរទិញសម្ភារៈមួយចំនួនសម្រាប់ប្រើប្រាស់ក្នុងរបរថ្មីនេះ ដោយកញ្ញាបានសរសេរសារយ៉ាងដូច្នេះថា៖
«ការងារអ្វីក៏ដោយក៏មានតម្លៃដែរ ឲ្យតែជាអំពើសុចរិត🌷🌷🌷🌷🌷។ ល្ងាចនេះខ្ញុំបានឆ្លៀតពេលមកទិញចានឆ្នាំងនិងសម្ភារមួយចំនួនដើម្បីយកមករៀបចំបើករបររកស៊ី ក្នុងរយ:ពេលអន្តរកាលនេះ។ មុខរបរដែលខ្ញុំរៀបចំបើកក្នុងរយៈពេលដ៏ខ្លីខាងមុខនេះមានឈ្មោះថា “រ៉ូហ្ស៊េតចំណីបាត់ដំបង” ដោយមានមុខនំចំណីគ្រប់ប្រភេទដែលជាស្នាដៃស្ត្រីបាត់ដំបង៕ 🌾🌾🌾🌾🌾ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧»។
ដូច្នេះបើប្រិយមិត្តទៅលេងបាត់ដំបងកុំភ្លេចទៅភ្លក្សរសជាតិនំចំណីនៅអាហារដ្ឋានថ្មីរបស់ក. រ៉ូហ្ស៊េត អតីតចៅសង្កាត់អូរចារផង៕




