
តាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណបក្ស១១ដែលមានសិទ្ធិទទួលយកអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់អតីតគណបក្សសង្រ្គោះជាតិ ក្នុងនោះក៏មានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន តែបក្សនយោបាយនេះបានប្រកាសបដិសេធមិនទទួលយក។
លោក សាម អ៊ីន បានលើកឡើងថា វាមិនយុត្តិធម៌សោះឡើយ ដែលយកអាសនៈក្រុមប្រឹក្សាឃុំ/សង្កាត់ដែលជាឆន្ទៈរបស់ប្រជាពលរដ្ឋអ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិមកបែងចែកគ្នានោះ។

លោកបណ្ឌិត សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋានថាមានហេតុផលពីរដែលគណបក្សប្រជាធិបតេយ្យមិនទទួលយកអាសនៈក្រុមប្រឹក្សាឃុំ/សង្កាត់៖
១-គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានបញ្ជាក់ម្តងហើយម្តងទៀតថាយើងមិនគាំទ្រការរំលាយគណបក្សសង្គ្រោះជាតិទេ ព្រោះយើងយល់ថា នេះគឺជាកំហុសឆ្គងដែលធ្វើឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ ដូច្នេះហើយ ជាគោលការណ៍កាលណាយើងមិនគាំទ្រការរំលាយគណបក្សប្រឆាំង យើងមិនអាចទទួលយកចេញពីលទ្ធផលនៃការរំលាយនេះទេ
២-ទាក់ទាងនឹងគុណតម្លៃយុត្តិធម៌ យើងគោរពគុណតម្លៃយុត្តិធម៌ អាសនៈក្រុមប្រឹក្សាឃុំ/សង្កាត់គឺប្រជាពលរដ្ឋបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត និងគាំទ្រទៅដល់គណបក្សសង្គ្រោះជាតិ ជារឿងមិនយុត្តិធម៌ទេដែលយើងយកអាសនៈឃុំ/សង្កាត់ជាឆន្ទៈប្រជាពលរដ្ឋគាំទ្រគណបក្សសង្គ្រោះជាតិទៅឱ្យគណបក្សផ្សេង
លោកបញ្ជាក់ទៀតថាគណបក្សសង្គ្រោះជាតិមានពលរដ្ឋជាងបីលាននាក់បោះឆ្នោតគាំទ្រ យើងគោរពការសម្រេចចិត្ត និងឆន្ទៈរបស់ប្រជាពលរដ្ឋ យើងមិនអាចយកទៅរំលាយបានទេ
