
ព្រះសីហនុៈ យុវជនម្នាក់ បានរងរបួសធ្ងន់ ហើយស្លាប់តាមផ្លូវពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីជនដៃដល់៣នាក់ ប្រដាប់ដោយពូថៅ និងចបវាយមិនញញើតដៃ ដោយសារទំនាស់ពាក្យសម្ដី។
ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០៖៣០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនសង្ស័យទី១.ឈ្មោះ សួន ចន្ធូ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករធ្វើនំបញ្ជុក។ ២.ឈ្មោះ ពិន ភក្រ័ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់។ ៣.ឈ្មោះ ប្រុស សុភា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់។ ជនសង្ស័យទាំង៣មានទីលំនៅកន្លែងកើតហេតុខាងលើ ។
សមត្ថកិច្ច បានឲ្យដឹងថា ជនដៃដល់ទាំង៣នាក់ បានប្រើចបជីក និងពូថៅព្រមទាំងចបកាប់ បានវាយទៅលើជនរងគ្រោះឈ្មោះ អោម សៅ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅដូចកន្លែងកើតហេតុ បណ្តាលឲ្យរបួសធ្ងន់ រួចបានស្លាប់តាមផ្លូវក្រោយពេលបញ្ជូនទៅមន្ទីពេទ្យខេត្តព្រះសីហនុ។

សមត្ថកិច្ច បានបញ្ជាក់ថា មូលហេតុ គឺជនរងគ្រោះ និងជនសង្ស័យកន្លងមកធ្លាប់បះពាល់សម្តីគ្នា។
បច្ចុប្បន្នជនសង្សយ័ទាំង៣នាក់ ត្រូវបាននគរបាលឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានស្រុក ដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកសាកសព សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួរធ្វើបុណ្យតាមប្រពៃណី៕


