
ថៃៈ ពលករខ្មែរ-ថៃចំនួន១៦នាក់ ត្រូវបានកម្លាំងចម្រុះថៃ ចាប់ខ្លួនព្រមទាំងបានបញ្ជូនទៅឲ្យកម្លាំងជំនាញស្រុកវឌ្ឍនាណៈខន ដើម្បីសាកសួរបន្ត ខណៈពួកគេបានលបលួចចូលទៅកាន់ និងស្ពាយឈើគ្រញូងជាច្រើនដុំចេញពីតំបន់ព្រៃហាមឃាត់។
យោងតាមរបាយការណ៍របស់ភាគីថៃ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៧ព្រឹក កម្លាំងចម្រុះ ដែលមានក្រុមទាហានឈុតខ្មៅ តម្រួត មន្ត្រីអនុរក្សតំបន់ ឧទ្យានជាតិ ប៉ាងស៊ីដា និងកម្លាំងរដ្ឋបាលព្រៃឈើ សរុបប្រមាណ៣០នាក់ បានធ្វើការឡោមព័ទ្ធ និងរុកចូលទៅក្នុងព្រៃក្នុងតំបន់ហាមឃាត់ខាងលើ បន្ទាប់ពីទទួលបានព័ត៌មានថា មានមនុស្សជាច្រើននាក់ បានលបចូលទៅក្នុងព្រៃ ដើម្បីស្ពាយដុំឈើគ្រញូងចេញមកក្រៅ ប្រគល់ទៅឲ្យមេឈ្មួញ។
ក្នុងកិច្ចប្រតិបត្តិការចម្រុះនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន១៦នាក់ ដែលក្នុងនោះមានជនជាតិថៃម្នាក់ និងជនជាតិខ្មែរចំនួន១៥នាក់ ព្រមទាំងបានដកហូតឈើគ្រញូងបានចំនួន៤៣ផ្ទាំង កាំភ្លើងកែច្នៃចំនួន៦ដើម និងកញ្ឆាមួយចំនួន ដែលទីតាំងនៃការឃាត់ខ្លួននេះ ស្ថិតក្នុងតំបន់ម៉ៃសិរីចំប៉ា ក្នុងឃុំណងម៉ាកហ្វាយ ស្រុកវឌ្ឍនាណៈខន ខេត្តស្រះកែវប្រទេសថៃ។

ក្រោយឃាត់ខ្លួន ព្រមទាំងបានដកហូតនូវវត្ថុតាងមួយចំនួនរួចមក សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យទាំងអស់ ទៅកាន់ផែ្នករដ្ឋបាលព្រៃឈើ ស្រុកវឌ្ឍនាណៈខន ដើម្បីសាកសួរបន្ត រកមេក្លោង ដែលនៅពីក្រោយ ក្នុងការអនុវត្តតាមផ្លូវច្បាប់៕





