Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ថៃៈ ជនជាតិខ្មែរចំនួន៣នាក់ បានរត់គេចខ្លួនបាត់ស្រមោលចូលទៅក្នុងផ្សារថៃ( ផ្សាររោងក្លឿ ) ផុតពីការចាប់ខ្លួន ខណៈពួកគេកំពុងអូសរទេះដឹកសំបកកែសចេញពីផ្សារថៃឆ្ពោះទៅកាន់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បម្រុងឆ្លងដែនចូលទៅកម្ពុជា ហើយត្រូវបានកម្លាំងចម្រុះរបស់តម្រួតថៃឃាត់ ត្រួតពិនិត្យ។

តាមរបាយការរបស់ភាគីថៃ បានបញ្ជាក់ថា សមត្ថកិច្ចថៃបានទទួលព័ត៌មានមួយ ស្តីពីការ លបនាំឈើគ្រញូងចេញពីទឹកដីថៃ ត្រង់ចំណុចផ្សាររោងក្លឿ ឆ្ពោះទៅកាន់ទឹកដីកម្ពុជា តាមច្រកអន្តរជាតិ ប៉ោយប៉ែត ទើបចាប់ពីរសៀល រហូតដល់ល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងចម្រុះ ដែលក្នុងនោះមានទាហានកងរយលេខ ១២០១ កំលាំងអធិការដ្ឋាន ស្រុកអារញ្ញប្រាថេត តម្រួតអន្តោប្រវេសន៍ និងកម្លាំង​តម្រួតទេសចរណ៍ ប្រចាំតំបន់ខ្លងលឹក បានត្រៀមជាស្រេចដើម្បីពិនិត្យទៅលើអ្វីដែលមានការសង្ស័យ។ រហូតដល់ល្ងាច ក៏ស្រាប់តែមានរទេះមួយដែលមានកម្មករខ្មែរចំនួន៣នាក់ បានអូសចេញពីផ្សាររោងក្លឿ ឆ្ពោះទៅកាន់ច្រកទ្វារអន្តរជាតិ ដោយមានដឹកសំបកកេសក្រដាសសំពីងសំពោងផង ប៉ុន្តែហាក់ដូចជាមានសភាពធ្ងន់ខុសពីធម្មតា ទើបកម្លាំងចម្រុះ បានឃាត់ ដើម្បីសុំការត្រួតពិនិត្យ ផ្ទុយទៅវិញ កម្មករខ្មែរទាំង៣នាក់នោះ បានរត់ចោលរទេះចូលទៅក្នុងផ្សារថៃបាត់ស្រមោលអស់រលីង សូម្បីតែក្រុមតម្រួតថៃរត់តាមក៏មិនទាន់ដែរ ។

ក្រោយការពិនិត្យទៅលើរទេះនោះ គឺមានការបង្កប់ឈើគ្រញូងសរុបចំនួន២៣ផ្ទាំង និង១ដុំ ស្មើនឹង ០,២៤៦ ម៉ែត្រគូប ដោយបច្ចុប្បន្នឈើគ្រញូងទាំងអស់ដែលបម្រុងលោតឆ័ត្រចេញមកប្រទេសកម្ពុជា តាមច្រកអន្តរជាតិ ប៉ោយប៉ែត ត្រូវបានកម្លាំង​ចម្រុះប្រគល់ទៅឲ្យ​អង្គភាពរដ្ឋបាលព្រៃឈើ ប្រចាំតំបន់ណងវ៉ែង ស្រុកគោកស៊ូង ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីរក្សាទុកទៅតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor