
អ្នកនាំពាក្យក្រសួងការពារជាតិស៊ុយអែត បានប្រាប់ឲ្យដឹងថា រដ្ឋាភិបាល គ្រោងនឹងចាប់ផ្ដើមកិច្ចចរចាជាមួយសហរដ្ឋអាមេរិក ស្តីពីការទិញប្រព័ន្ធការពារមីស៊ីល Patriot ក្នុងតម្លៃរាប់លានដុល្លារ។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន Sputnik បានចេញផ្សាយនាព្រឹកថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

អ្នកនាំពាក្យក្រសួងការពារជាតិស៊ុយអែត លោក Patrick Hans Wallmark បាននិយាយថា រដ្ឋាភិបាល កំពុងចរចាជាមួយសហរដ្ឋអាមេរិក ស្ដីពីការទិញប្រព័ន្ធការពារមីស៊ីល Patriot ចំនួន ០៤គ្រឿង ក្នុងតម្លៃរាប់លានដុល្លារ។ Patriot គឺជាប្រព័ន្ធការពារ ដែលអាចទុកចិត្តបាន ដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសជាច្រើននៅក្នុងតំបន់ និងបង្កើនលទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាមួយអ្នកដទៃផងដែរ។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលស៊ុយអែត មានបំណងដឹកជញ្ជូនប្រព័ន្ធការពារដែនអាកាស ដែលមានសមត្ថភាពបាញ់បានរយៈចម្ងាយឆ្ងាយ និងអាចប្រឆាំងនឹងមីស៊ីលផ្លោង ព្រមទាំងយន្តហោះកម្រិតខ្ពស់ នៅចន្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ ។