
ភ្នំពេញៈ ក្រោយពីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុករយះពេល៣ថ្ងៃ ជាចុងក្រោយនេះ បានបន្សល់ទុកនូវបរិមាណសំរាមជាង៨០០០តោន ជាពិសេសនៅតំបន់ខណ្ឌទាំង៤ ដែលជាទីតាំងប្រារព្វពិធី។
នេះបើតាមឲ្យដឹងពីមន្ត្រីទីចាត់ការគ្រប់គ្រងសំណល់រាជធានីភ្នំពេញ បានឲ្យដឹងកាលពីព្រឹកថ្ងៃទី៥ វិច្ឆិកានេះ ខណៈដែលអាជ្ញាធររាជធានីភ្នំពេញ មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ,អាជ្ញាធរដែនដីខណ្ឌពាក់ពន្ធ័,ក្រុមកាយរិទ្ធិ,ក្រុមយុវជន,មន្ទីរជុំវិញរដ្ឋបាលរាជធានីភ្នំពេញ,កងរាជអាវុធហត្ថខណ្ឌដូនពេញ,ក្រុមហ៊ុនស៊ីនទ្រី ដឹកនាំដោយលោកនួន ផារត្ន័ អភិបាលរងរាជធានីភ្នំពេញ ធ្វើសកម្មភាពបោសសំរាម និងលាងសំអាតតាមសួនច្បារនានា ជាពិសេសសួនច្បារមុខវត្តបទុមវត្តី ,សួនវិមានឯករាជ្យ នាគបាញ់ទឹក,សួនមុខព្រះបរមរាជវាំង,សួនសម្តេចតេជោហ៊ុនសែន និងសួនមាត់ទន្លេជាដើមដើម្បីលើកកំពស់សោភ័ណភាពតាមសួនច្បារ ទីរមណីដ្ឋាននានាឡើងវិញក្រោយព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃត្រូវបានបញ្ចប់។
លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា បុណ្យអុំទូកឆ្នាំនេះ សួនច្បាររបស់យើងមានការខូចខាតតិចតួចបើប្រៀបធៀបទៅនឹងឆ្នាំ២០១៦។តាមសួនច្បារនានាអង្គភាពសួនច្បារបានចងខ្សែពន្ធ័ហាមមិនអោយមានការលក់ដូរលើសួន,ឬដើរជាន់ស្មៅ.ផ្កា។តាមការវាយតំលៃពីក្រុមមន្ត្រីឲ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ មានប្រជាពលរដ្ឋមកលេងបុណ្យថ្ងៃទី១ជាង៦០ម៉ឺននាក់,ថ្ងៃទី២ ជាង១លាននាក់ និងថ្ងៃទី៣ជាង១លាន៥សែននាក់។តែទោះបីជាយ៉ាងណា អាស្រយ័ដោយមានការរៀបចំម៉ត់ចត់ពីរដ្ឋបាលរាជធានីភ្នំពេញ,ការដាក់ធុងសំរាម,កញ្ឆេដាក់សំរាមយ៉ាងច្រើនតាមទីតាំងប្រារព្វពិធី,ការអប់រំផ្សព្វផ្សាយត្រូវបានធ្វើឡើងជាប្រចាំ និងការអប់រំតាមតូបលក់ដូរ គួបផ្សំនឹងការយល់ដឹងពីប្រជាពលរដ្ឋ ធ្វើអោយសណ្តាប់ធ្នាប់ និងបរិស្ថានក្នុងព្រះរាជពិធីបុណ្យមានលក្ខណៈល្អប្រសើរជាងឆ្នាំមុន។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា កំលាំងបុគ្គលិក កម្មករ ដែលបានបំពេញការងារក្នុងការប្រមូលសំរាមក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ សរុបមានប្រមាណ១ពាន់នាក់ដោយបានបែងចែកជា២វេនគឺទី១ ចាប់ពីម៉ោង៥ព្រឹកដល់ម៉ោង១៦រសៀល,និងវេនយប់ចាប់អនុវត្តពីម៉ោង១យប់ដល់ម៉ោង៥ភ្លឺរួមជាមួយរថយន្ត និងរទេះដឹកសំរាមជាច្រើនគ្រឿង។
រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំលក្ខណៈល្អប្រសើរក្នុងនាមម្ចាស់ផ្ទះសំរាប់ព្រះរាជពិធីបុណ្យដែលធ្វើឲ្យពិធីបុណ្យ៣ថ្ងៃនេះបាន បញ្ចប់ទៅប្រកបដោយក្តីសប្បាយរីករាយ និងប្រកបដោយមោទនះភាពក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៏ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕















