លោក រ៉ុង ឈុន នឹងដាក់ពាក្យលាឈប់ពី គ.ជ.ប ឆាប់ៗក្នុងសប្តាហ៍នេះ ឆ្លើយតបនឹងរឿងនេះ លោក យឹម ស៊ីណា អ្នកដឹកនាំក្រុមយុវជននៅប្រទេសកូរ៉េខាងត្បូង បានសរសេរក្នុងគណនីយហ្វេសប៊ុក របស់លោក ដោយដាក់ជាមួយគណនីយលោក រ៉ុង ឈុន ថា៖
បង រ៉ុង ឈុន ជាទីគោរពក្នុងនាមខ្ញុំជាអ្នកដែលគាំទ្រនូវឆន្ទៈ និងឧត្តមគតិស្រឡាញ់ជាតិរបស់បង ខ្ញុំពិតជាមិនគាំទ្របងឡើយនូវការដែលបងមានបំណងចង់លាលែងពីស្ថាប័ន គ.ជ.ប នាពេលនេះ។ ដោយសារខ្ញុំយោងលើហេតុផលមួយចំនួនដូចខាងក្រោម៖
១. បងបានប្រកាសជាទូទៅថាបង ជាបុគ្គលឯករាជ្យ ក្រោយពេលសម្រេចចូលធ្វើការនៅ គ.ជ.ប ទោះចេញពីកូតាបក្សប្រឆាំងក៏ដោយ។
២. បើយើងជាបុគ្គលឯករាជ្យ យើងត្រូវធ្វើការបំពេញបំណងពលរដ្ឋគ្រប់និន្នាការ ពោលគឺមិនមែនដើម្បីតែអ្នកគាំទ្របង ឬអ្នកប្រឆាំងនោះទេ។
៣. ការបន្តនៅធ្វើការជាសមាជិករបស់ គ.ជ.ប វាមិនមែនមានន័យចំណេញលើឋានៈ ប្រាក់ខែនោះទេ ប៉ុន្តែយើងអាចនៅជួយទប់ស្ថាប័នមួយនេះឲ្យបានចាក់គ្រឺសឲ្យបានជ្រៅបន្តថែមទៀត ដើម្បីប្រយោជន៍រយៈពេលវែង សម្រាប់ជាតិទាំងមូល។
៤. ការលាលែងរបស់បង ស្មើនឹងការបើកផ្លូវឲ្យគេជិះសេះលែងដៃដូចកាលពីអតីតកាល និងខាតប្រយោជន៍ផ្សេងទៀត។
៥. ការរំលាយខ្លួនឯង គឺជារឿងធ្វើសម្រាប់ចាញ់ ប៉ុន្តែបើគេជាអ្នករំលាយបងវិញ បងគឺជាអ្នកឈ្នះ គឺឈ្នះរហូត។
៦. ក្រោយពេលបងលាឈប់ហើយ ក៏គេមិនទុកឲ្យបងដេកស្រួលដើរធ្វើផ្គរ ធ្វើភ្លៀងដូចដើមបាននោះទេ។ ប្រហែលជាគេនឹងធ្វើឲ្យបងដេកគុកផងក៏មិនដឹង។
បងប្រុស ខ្ញុំបានស្គាល់ច្បាស់នូវវិរភាព និងឧត្តមគតិរបស់បង ជាពិសេសគឺភាពស្មោះត្រង់ រួមទាំងភាពស្លូតបូតរបស់បងផងដែរ។ ដូច្នេះសង្ឃឹមថាបង នឹងធ្វើការគិតម្តទៀតចំពោះការលាលែងនេះ ព្រោះបងមិនទាន់បានធ្វើការអ្វីខុសមួយឡើយក្នុងស្ថាប័នមួយនេះ។
សូមអរគុណបង

