ភ្នំពេញៈ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនគ្រូមន្តអាគមអូមអាមប្ដីប្រពន្ធ២នាក់ ពីបទរំលោភលើទំនុកចិត្ត និងញុះញង់រៀបគម្រោងឆបោក យកប្រាក់អស់ប្រមាណជិត១លានដុល្លារ។
ការឃាត់ខ្លួនខាងលើនេះ ធ្វើឡើងនៅត្រង់ចំណុចក្នុងភូមិគ្រឹះឌឺស្តា ហ្វតធើរៀល "បុរីប៉េងហួត" ផ្ទះលេខ០៦ ផ្លូវQ០១ ភូមិកោះអណ្តែត សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំកម្លាំងដោយផ្ទាល់ពីវរសេនីយ៍ឯក ជាវ វិបុល នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានក្រសួងមហាផ្ទៃ។
ជនរងគ្រោះដែលត្រូវជនសង្ស័យឆបោក រួមមានទី១.ឈ្មោះ អាំង គីហេង ភេទប្រុស អាយុ៤៦ឆ្នាំ មានឈ្មោះ ទិត្យ ផល្លា អាយុ៣៣ឆ្នាំ ប្តីប្រពន្ធ២នាក់នេះ ជាពាណិជ្ជករ និងមានលំនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ដោយឡែកជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ សុន ឆ័យ អាយុ៤៤ឆ្នាំ ជាប្តី និងប្រពន្ធដែលជាគ្រូមន្តអាគមឈ្មោះ លី ម៉ាណា (ហៅ លី ហ្គិចហៀក) អាយុ២៦ឆ្នាំ អ្នកទាំង២ មានទីលំនៅកន្លែងកើតហេតុ។
បើតាមការរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹថា ចាប់តាំងពីខែមករា ឆ្នាំ២០១៥ មកទល់បច្ចុប្បន្ន គាត់បានចាញ់បោកស្ត្រីដែលគេអះអាងថា ជាគ្រូស្នងរូបលោកយាយម៉ៅខាងលើអស់ទឹកប្រាក់ជាង៣៥ម៉ឺនដុល្លារឯណោះ។
ជនរងគ្រោះបន្តថា ស្ត្រីជាគ្រូទាយឆបោករូបនេះ បានការលួងលោមអូសទាញឲ្យរៀបចំគ្រឿងដង្វាយដាក់លើអាសនៈ ដោយក្នុងមួយសប្តាហ៍ត្រូវចំណាយអស់ប្រាក់ចំនួន២.៤៣៣ដុល្លារ ព្រមទាំងឲ្យនាំដើរលេងនៅប្រទេសថៃញឹកញាប់ផងដែរ ដោយស្ត្រីម្នាក់នោះអះអាងថា ដើម្បីលើករាសីជារៀងរាល់សប្តាហ៍ទៀតផង។
ជនរងគ្រោះបានបញ្ជាក់ថា ចំនួនទឹកប្រាក់ដែលចាញ់បោកយាយគ្រូខាងលើនេះ សរុបប្រមាណជិត១លានដុល្លារ។ ជាមួយគ្នានោះ ក្រៅពីប្តីប្រពន្ធពួកគាត់ទាំង២ ក៏នៅមានអ្នកចាញ់បោកយាយគ្រូម្នាក់នេះជាហូរហែរាប់មិនអស់ផងដែរ។
ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន លោកយាយគ្រូអូមអាម នឹងត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្អែកនេះ ដើម្បីអនុវត្តនីតិវិធី៕













